ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបាណន់

 

(បាត់ដំបង) :នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបាណន់ ។

បន្ទាប់ពីនោះ លោក ឡុច រេត អភិបាល នៃគណៈអភិបាលស្ដីទីស្រុកបាណន់ បានឡើងអានរបាយការណ៍ស្វាគមន៍ពីស្ថានភាពទូទៅរបស់រដ្ឋបាលស្រុក និងលទ្ធផលការងារដែលរដ្ឋបាលស្រុកបានសម្រេចកន្លងមក ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបាណន់ ដោយក្នុងនោះឯកឧត្តម បានណែនាំដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំពង្រឹងវិន័យការងាររបស់ខ្លួន និងឥរិយាបទរបស់ខ្លួន ត្រូវបែងចែកភារកិច្ចការងារ ចាប់តាំងពីគណៈអភិបាល រហូតមកមន្រ្ដីជាប់កិច្ចសន្យា ឲ្យបានត្រឹមត្រូវ ។

ឯកឧត្តម បានបន្តទៀតថា រដ្ឋបាលស្រុក ត្រូវរៀបចំឲ្យមានវេទិកាសាធារណៈទៅតាមភូមិ ឃុំ របស់ខ្លួន ដើម្បីពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ក្នុងនោះរដ្ឋបាលខេត្ត នឹងធ្វើការជ្រើសរើសប្រឡងប្រណាំងរដ្ឋបាលស្រុកណា ដែលបានអនុវត្តការងារបានល្អជូនប្រជាពលរដ្ឋ ។

ឯកឧត្តម សុខ លូ បានណែនាំឲ្យរដ្ឋបាលស្រុក រៀបចំបញ្ជីទំនាស់នៅក្នុងឃុំនីមួយៗ ដើម្បីរៀបចំការដោះស្រាយតាមបែបក្រៅប្រព័ន្ធតុលាការ ហើយចំពោះបញ្ហាណាដែលរដ្ឋបាលឃុំ រដ្ឋបាលស្រុក ដោះស្រាយពុំបានសម្រេច ត្រូវបញ្ជូនសំណុំរឿងបន្តទៅរដ្ឋបាលខេត្តដើម្បីដោះស្រាយបន្តផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។