ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន អញ្ជើញចូលរួមជាមួយក្រុមគ្រួសារសពក្នុងពិធីបូជាសព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់

(ភ្នំពេញ) :នៅព្រឹកថ្ងៃសុក្រ ៨កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ បានអញ្ជើញចូលរួមជាមួយក្រុមគ្រួសារសពក្នុងពិធីបូជាសព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវត្តវារិន្ត ព្រែកលៀប ដែល ឯកឧត្តម បានធ្វើមរណកាលលាចាកលោកយើងនេះទៅកាលពីថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧ ៥០នាទីយប់ នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តម គុយ ម៉ារិនឌី ជាកូនទី៥ ក្នុងចំណោមបងប្អូនរួមផ្ទៃចំនួន៧នាក់ ក្នុងនោះប្រុស៣នាក់ ស្រី៤នាក់ ដែលមានដើមកំណើតនៅឃុំ ស្វាយរៀង ស្រុកស្វាយរៀង ទីរួមខេត្តស្វាយរៀង។ នៅក្នុងឆាកជីវិត ឯកឧត្តម គុយ ម៉ារិនឌី ជាថ្នាក់ដឹកនាំ ជាធនធានមនុស្សដ៏ល្អប្រសើរ និងជាសកម្មជនមួយរូបនៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូជាកម្លាំងកាយចិត្ត និងទ្រព្យធន រួមចំណែកដល់ការកសាងសមិទ្ធផល នៅក្នុងសង្គមជាច្រើន និងបានជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាននានា។ សូមជម្រាបជូនថា ឯកឧត្តម គុយ ម៉ារិនឌី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៣ និងបានផ្ទេរមកបំពេញការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់មកទៀត ឯកឧត្តម គុយ ម៉ារិនឌី ត្រូវបានរាជរដ្ឋាភិបាលតំឡើងឋានានុក្រមជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០១៨ រហូតដល់ជីវិតចុងក្រោយនាពេលនេះ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ក្នុងអារម្មណ៍ស្រណោះអាលោះអាល័យក្តុកក្តួលរំជួលចិត្តក្នុងការបាត់បង់ធនធានមនុស្សដ៏ល្អប្រសើរនេះ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមស្មឹងស្មាតបួងសួងឧទ្ទិសកុសល ដែលយើងខ្ញុំទាំងអស់គ្នាបានចូលរួមនេះ បញ្ជូនដល់វិញ្ញាក្ខន្ធ ឯកឧត្តម គុយ ម៉ារិនឌី សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភព និងសម្រេចបាននូវនិព្វានជាអវសាន្តជាតិកុំបីក្លាយទៅជាបការៈដទៃឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។