ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ណេង ចាត់តំណាងយកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាក នៅមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម!

(កំពង់ចាម) :ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់ឱ្យលោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់ នាំយកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាក នៅមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោក សោ សាវឿន បានដឹកនាំក្រុមការងារមូលដ្ឋានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា អង្ករ មី ម៉ាស និងអាល់កុល របស់ ឯកឧត្តម ហ៊ុន ណេង ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន៣០គ្រួសារ និងបានផ្ដាំផ្ញើដាស់តឿនឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឱ្យអស់ពីសហគមន៍ ។

លោកប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម អ៊ុន ចាន់ដា ដែលជានិច្ចកាលថ្នាក់ដឹកនាំយើងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ធគ្រប់ពេល ។

អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ម៉ាស១ដុំ, អាល់កុល១ដប, ថវិកា១០០,០០០រៀល និងជូនក្រុមការងារឃុំថវិកា៣០០,០០០រៀល ព្រមទាំងម៉ាស និងអាល់កុលផងដែរ និងឧបត្ថម្ភថវិកាដល់ភ្នាក់ងារសង្កេតការណ៍យុវជន(សសយក)ចំនួន ៣,០០០,០០០រៀល។

បន្ទាប់មកលោក សោ សាវឿន និងក្រុមការងារបានបន្តដំណើរទៅសួរសុខទុក្ខនិងជូនថវិកាដល់លោក អ៊ាត គឹមលាង មេឃុំព្រែកកក់ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅលំនៅដ្ឋានរបស់គាត់ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ថវិការចំណាយ សរុប ១២,៥៥០,០០០រៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។