ព័ត៌មានជាតិ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានរៀបចំទិវាលបង្ហាញដាំស្រូវជាជួរ ដល់ប្រជាកសិករ ក្នុងក្រាំងលាវ ស្រុកបាទី

(តាកែវ) :ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងលោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត លោក នៅ ណារិន  ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី និងអជ្ញាធរឃុំ បានអញ្ចើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី។ ពីធីនេះរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងបានទទួលឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្នុងគោលបំណង៖

+បង្កើនចំណេះដឹងដល់កសិករក្នុងការប្រើឧបករណ៍ដាំស្រូវជាជួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

+ជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះពីព្រោះស្រូវដុះលូតលាស់ល្អដោយសារមានចន្លោះជួរ ដែលអាចអោយពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ និង ដើម្បីកាត់បន្ថយការចំណាយគ្រាប់ពូជច្រើន។

+ចែករំលែកបទពិសោធន៍ដែលបានអនុវត្តការបង្ហាញដាំស្រូវជាជួរដោយប្រើឧបករណ៍នេះកន្លងមក ដល់កសិករផ្សេងៗទៀតក្នុងតំបន់។ នៅក្នុងពិធីនេះមានអ្នកចូលរួមសរុប ៦៥នាក់ ស្រី ៤៧នាក់។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានផ្តល់អនុសាសន៍៖

-គួរប្រើប្រាស់ពូជសុទ្ធិដើម្បីទទួលបានទិន្នផលខ្ពស់ហើយមានតម្លៃថ្លៃលើទីផ្សារ។

-គួរធ្វើកសិកម្មតាមបែបយន្តតូបនីយកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងទទួលបានចំណូលខ្ពស់។

 

២.មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK រួមនឹងលោក ភួង តារា ទីប្រឹក្សាគម្រោងផ្នែកឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ បានចុះបង្វឹក-ណែនាំតាមទីវាល និងតាមដានត្រួតពិនិត្យ វាយតំលៃការងារកសិកគម្រូ ម៉ី សំអន លើសកម្មភាពឡជីឧស្ម័ននិងរោងជីកំប៉ុស្តិ៍ និងផ្តល់ស្លាកបង្ហាញឡជីវឧស្ម័ន នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ ក្នុងឱកានោះ បានផ្តល់នូវអនុសាសន៍ កែលំអរបច្ចេកទេសដាំបន្លែលើរាន បន្តការរៀបចំផលិតជីកំប៉ុស្តិ៍គោក និងពិភាក្សាពីផែនការបន្ត។

 

៣.លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្ត្រី ជាមន្ត្រីអង្គភាពអនុវត្ដគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន CFAVC បានចុះស្ទង់ទិន្នផលស្រែបង្ហាញពូជស្រូវផ្ការំដួល ចំនួន ០២បង្ហាញ ក្នុងស្រុកត្រាំកក់ និងស្រុកបាទីរួមមាន៖

-កសិករឈ្មោះ អុី ផល្លា នៅភូមិត្រពាំងប្ញស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់មានផ្ទៃដីបង្ហាញ ចំនួន ២ ៥០០ម៉ែត្រការ៉េ ដោយទទួលបានទិន្នផលមធ្យម ៤ ៩៤១ គក/ហត

 

-កសិករឈ្មោះ វ៉ែន សាវី នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី មានផ្ទៃដីបង្ហាញ ២ ៨០០ ម៉ែត្រការ៉េ ដោយទទួលបានទិន្នផលមធ្យម  ៤ ៨៦០ គីឡូក្រាម/ហិចតា ។

 

៤.លោកស្រី ហ៊ុន សុធារី និងលោក ង៉ែត ម៉ត់ មន្ត្រីខណ្ឌជលផលតាកែវ បានបន្តចូលរួមវគ្គបណ្ដុះ បណ្ដាលស្តីពីគោលការណ៍ណែនាំស្ដីពីការផ្ដល់ និងការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ នឹងសហគមន៍ស្រះជម្រកត្រី នៅសណ្ឋាគាភ្នំប្រុស ខេត្តកំពង់ចាម រៀបចំដោយរដ្ឋបាលជលផល និងអង្គការ FAO សហគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU)។

 

៥.ផ្នែករដ្ឋបាលជលផលបូរីជលសារ បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលតាមប្រព័ន្ធស្មាត ដោយធ្វើការដកហូតឧបករណ៍នេសាទខុសច្បាប់ រួមមាន:

– សៃយ៉ឺនស្បៃមុងចំនួន     ១៣ មាត់លូ

– របាំងស្បៃមុងប្រវែង        ១៩០ម៉ែត្រ

– បង្កោលឬស្សីចំនួន         ៧៥បង្គោល

– ត្រីចម្រុះទម្ងន់                 ៨គ.ក្រ

នៅចំណុចខាងលិចភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ។

 

៦.លោកស្រី ឃុត សោភា និងលោក ជិន មុន្នី  មន្ត្រីខណ្ឌរដ្ឋបាលជលផលតាកែវ បានចុះផ្តល់បច្ចេកទេសអំពីការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ ព្រមទាំងនិមិត្តសញ្ញាគុណភាពខ្សែច្រវ៉ាក់ផលិតផលដល់កសិករកែច្នៃចំនួន ០៦គ្រួសារ នៅភូមិដើមធ្លក និងភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង។

 

៧.លោក ឃុន ប៊ុនធី​ មន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត បានបង្កាត់មេគោដោយសិប្បនិមិ្មតបានចំនួន ០១ក្បាល នៅភូមិទូលខ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់​។

 

៨.តម្លៃសត្វរស់ និងស៊ុតបក្សី

+ជ្រូកកសិដ្ឋានសុីភី​ ១០​  ០០០៛/គក្រ

+ជ្រូកកសិករ​           ៨  ៥០០៛/គក្រ

+មាន់បីសាសន៍​       ១០  ២០០៛/គក្រ

+មាន់សាច់​             ៦  ២០០៛/គក្រ

+មាន់ស្រែ​              ១​៨​  ០០០៛/គក្រ

+ស៊ុតមាន់ស្រែ​       ១​ ១០០-១​ ៣០០៛/គ្រាប់

+ស៊ុតមាន់កសិដ្ឋាន​ ៣៧០-៤០០៛/គ្រាប់

+ស៊ុតទា​                 ៤០០-៤៥០៛/គ្រាប់

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។