ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ វិស័យកសិកម្មនឹងមានទំហំទឹកប្រាក់ធំជាងមុន ព្រោះមានទីផ្សារនាំចេញច្រើនពិសេសប្រទេសចិន

 

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រោយពីពិភាក្សាជាមួយមិត្តចិនរួចហើយ គឺគ្រប់កសិផលរបស់កម្ពុជា នឹងនាំចេញដោយត្រង់ទៅកាន់ប្រទេសចិន ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសផ្សេងៗនោះទេ ដូច្នេះវិស័យកសិកម្មនៅកម្ពុជា នឹងមានទំហំទឹកប្រាក់ធំជាងមុន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការពង្រឹង និងពង្រីកវិស័យកសិកម្មឱ្យមានភាពល្អប្រសើរ ដើម្បីនាំកសិផលចេញទៅត្រង់ ហោះទៅកាន់ប្រទេសចិន ដោយយោងទៅលើច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា កម្ពុជា សំបូរទៅដោយកសិផលច្រើនមុខ ដែលបម្រុងនឹងនាំចេញទៅក្រៅប្រទេស ដូចជា កៅស៊ូ ផ្លែស្វាយ ស្វាយចន្ទី ស្ករអំពៅ ជាដើម ហើយផ្លែមៀនប៉ៃលិន ឬតាង៉ែន បានដាំដុះលើផ្ទៃដីរាប់ម៉ឺនហិកតា។ ជាមួយគ្នានេះ នៅមានដំណាំផ្សេងៗទៀត ដូចជា ចេក ដូង ស្រូវជាដើម។ ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យកសិករដាំដុះដំណាំកសិផល ឲ្យបានត្រឹមត្រូវតាមស្តង់ដារ និងមានគុណភាពខ្ពស់ ដែលងាយស្រួលក្នុងការរកទីផ្សារនាំចេញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។