ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពដទៃទៀត ឆ្លងកាត់តាមរយៈការបោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អនាគតនៅពេលក្រោយ គឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងចំណោមបេក្ខភាពដទៃទៀត ដោយឆ្លងកាត់ការបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បែបនេះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពេលនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។ សម្តេចតេជោ ថ្លែងណែនាំដល់ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវពង្រឹងសមត្ថភាព ខិតខំបន្តកសាងតែអំពើល្អ ជៀងវាងកុំឱ្យគេប្រមាថមើលងាយ ត្រូវធ្វើពង្រឹងខ្លួន ឱ្យសាកសមជាថ្នាក់ដឹកនាំដ៏ល្អ របស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មចំពោះក្រុមប្រឆាំងដែលវាយប្រហារទៅលើសម្តេចថាពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថាជាកូនមេដឹកនាំវៀតណាម។ សម្តេចតេជោ បានប្រកាសជាចំហរថា សម្តេច គាំទ្រកូនឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ គឺត្រូវឆ្លងកាត់ការបោះឆ្នោត។ សម្តេចបានបន្តថា ការបណ្តុះបណ្តាលកូន មិនមែនយកមកឱ្យធ្វើជាមេចោរនោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។