ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរមកស្រុកជើងព្រៃ ឃុំស្តើងជ័យ ដើម្បីមកពិនិត្យការដ្ឋានស្តារអាងទឹកអូរតាកេរ្តិ៍

ចេញពីឃុំក្រឡា ឯកឧត្តមរដ្ឋមន្រ្តីបានបន្តដំណើរមកស្រុកជើងព្រៃ ឃុំស្តើងជ័យ ដើម្បីមកពិនិត្យការដ្ឋានស្តារអាងទឹកអូរតាកេរ្តិ៍។ លោក ម៉ឹង មករា ប្រធានក្រុមការងារយុវជនក្រុម ៨ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា គម្រោងស្តារអាងទឹកអូរតាកេរ្តិ៍ នេះបានទទួលជំនួយឧបត្ថម្ភពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងបំណងធ្វើជាកន្លែងហាត់ប្រាណ កន្លែងកំសាន្ត លក់ដូរចំណីអាហារ និងភេសជ្ជៈផ្សេងៗ បង្កើតមុខរបរ និងប្រាក់ ចំណូលបន្ថែម ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងស្រុក ចូលរួមចំណែកអភិរក្សធនធានធម្មជាតិ និងបរិស្ថានល្អសម្រាប់ភូមិ ឃុំ។ ក្រៅពីសកម្មភាពស្តារអាងទឹក ជុំវិញអាងទឹកគ្រោងបង្កើត “សួនដើមក្ងោក” ទំហំ ៨៨៨៨ ម៉ែត្រការ៉េ លើកទំនប់ និងធ្វើផ្លូវគ្រួសក្រហម រៀបចំដាំព្រៃលិចទឹក លែងពូជត្រីនៅក្នុងអាងទឹក រៀបចំកន្លែងបង្កាត់ពូជត្រី និងកន្លែងចិញ្ចឹមត្រីសម្រាប់បង្ហាញ ដែលទទួលបានការជួយឧបត្ថម្ភបច្ចេកទេសពីរដ្ឋបាលជលផល។ បច្ចុបន្ន សកម្មភាព ស្តារអាងទឹកសម្រេចបាន ៧០% ហើយ។

បានជ្រាបពីគម្រោងអភិវឌ្ឍដែលបរិយាយជូនដោយឯកឧត្តម ម៉ឹង មករា រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងការស្តារអាងទឹកអូរតាកេរ្តិ៍នេះឡើង។ ពិនិត្យឃើញទិដ្ឋភាពនៅជុំវិញតំបន់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើសមិទ្ធផលសំខាន់ៗដែលបាននិងកំពុងដំណើរការអភិវឌ្ឍជាបណ្តើរៗ និងឈានទៅសម្រេចបាននូវមហិច្ឆិតារួមគឺបង្កើតតំបន់ទេសចរណ៍ក្នុងមូលដ្ឋានផ្ទាល់ ដាំដើមឈើគម្របបៃតង ធ្វើវារីវប្បកម្ម ផ្សព្វផ្សាយ និងអភិរក្សពូជត្រី សួនហាត់ប្រាណដើម្បីសុខភាព បង្កើនផលិតភាពផលិតកម្មដំណាំស្រូវតាមរយ:ការប្រើប្រាស់ទឹកក្នុងអាងដើម្បីបង្កើនរដូវដាំដុះ ដាំដំ ណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព បង្កើតឱកាសការងារជូនពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងយុវជនដែលជាសមាជិកក្រុម ៨ ជាពិសេសកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ដែលជាសរសៃឈានសេដ្ឋកិច្ចថ្នាក់មូលដ្ឋានយ៉ាងល្អប្រសើរ។ល។

ទាក់ទងគម្រោងអភិវឌ្ឍនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ដល់ក្រុមការងារថា គួរកៀរគរជំនួយឧបត្ថម្ភបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ និងវិស័យឯកជនដែលជាដៃគូវិនិយោគដើម្បីបង្កើនសក្តានុពលក្នុងការពង្រីកគម្រោងអភិវឌ្ឍនេះឲ្យមាននិរន្តរភាព ឈានទៅសម្រេចឲ្យបាននូវពហុប្រយោជន៍សាធារណ:សម្រាប់ប្រជាពលរដ្ឋនៅទូទាំងឃុំស្តើងជ័យ។ ដោយឡែក ក្រសួងរង់ចាំផ្តល់កិច្ច សហការលើការងារបច្ចេកទេសតាមរយ:ការផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ពូជត្រី ឈើហូបផ្លែ ឈើលម្អ និងបន្លែ។ល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។