ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាមានចលនាប្រឆាំងនឹងការចាក់វ៉ាក់សាំងក៏ដោយ ក៏យើងនៅតែបានសម្រេចការចាក់វ៉ាកសាំងចំពោះមនុស្សគោលដៅ១០លាននាក់

 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកមានក្រុមមួយចំនួន បានអំពាវនាវឱ្យប្រជាជនប្រឆាំងនឹងការចាក់វ៉ាក់សាំង ក៏ប៉ុន្តែគិតមកដល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំពោះមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ពោលគឺអាយុដែលគ្រប់សម្រាប់ការបោះឆ្នោតចំនួន១០លាននាក់និងកំពុងបន្តចាក់ទៅលើក្រុមមនុស្សផ្សេងៗទៀត។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មិនត្រឹមតែគេមិនស្តាប់តាមការញុះញង់របស់ក្រុមប្រឆាំងនឹងការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងបានយកកូនចៅរបស់ខ្លួនដែលមានអាយុពី៥ឆ្នាំដល់១៧ឆ្នាំទៅចាក់វ៉ាក់សាំងថែមទៀតផង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា កន្លងទៅពូកប្រឆាំងនឹងការចាក់វ៉ាក់សាំងតែងតែបានលើកឡើងថា ការចាក់វ៉ាក់សាំងចិននឹងបណ្តាលឱ្យមនុស្សស្លាប់ ការពិតគឺបានបង្ហាញហើយពុំមានគ្រោះថ្នាក់ណាមួយដល់ជីវិតនៅឡើយទេ ប៉ុន្តែនៅក្នុងប្រទេសវៀតណាម ថៃ និងអឺរ៉ុបមួយចំនួន បែរជាមានអ្នកស្លាប់ដោយសារវ៉ាក់សាំងផ្សេង ក្រៅពីវ៉ាក់សាំងចិនទៅវិញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។