ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១

(ព្រៃវែង) :ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។

តាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិលេខ១១នេះបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងចំណាប់អារម្មណ៍អបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ១១នេះ គឺសំរាប់បំរើប្រយោជន៍ប្រជាពលរដ្ឋនៃខេត្តទាំងពីរគឺខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏ដូចជាការតភ្ជាប់ទៅកាន់តំបន់ខេត្តផ្សេងទៀត។ នៅថ្ងៃនេះ ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា បានប្រកាសថា ពេលនេះមន្ត្រីជំនាញរបស់ចិន កំពុងសិក្សាលក្ខខណ្ឌបច្ចេកទេស ភូតគាមអនាម័យលើផ្លែមៀន និងសាច់ត្រីប្រារបស់កម្ពុជា ដើម្បីបើកឱកាសក្នុងការនាំចូលទៅកាន់ប្រទេសចិន។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាព និងបានអបអរសាទរនូវសមិទ្ធផលផ្លូវជាតិ១ខ្សែទៀតសម្រាប់បងប្អូនប្រាជាពលរដ្ឋនៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនាពេលនេះ គឺជាការបង្ហាញចេញពីសមិទ្ធផលដែលកើតចេញពីប្រទេសមានសុខសន្តិភាព និងកើតចេញពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិនផងដែរ។ សម្តេចតេជោ បានផ្តាំផ្ញើតាមរយ: ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង ដែលតែងតែគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមកដល់ពេលនេះ ចិន ជួយសាងសង់ផ្លូវជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានជាច្រើនទៀត។ សម្តេចតេជោបានថ្លែងថា សម្តេចកំពុងឱ្យសិក្សាផ្លូវតភ្ជាប់រវាងស្រុកល្វាឯម ភ្ជាប់មកផ្លូវលេខ១១នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា យើងមានគម្រោងធំៗចំនួន៣ទៀត ដែលកម្ពុជាត្រូវសាងសង់រួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ, ផ្លូវតភ្ជាប់ពីស្រុកស្ទោង ទៅកាន់ខេត្តក្រចេះ និងផ្លូវស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ ហើយយើងក៏កំពុងសិក្សាផ្លូវតភ្ជាប់ខេត្តបាត់ដំបង និងសៀមរាបផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ពីកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចមិនអាចទទួលយកបានការថ្លែងនេះឡើយ ចំពោះសម្តីមេទ័ពព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូវីដ-១៩ទៅវៀតណាម។ សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តីមេទ័ពព្រំដែនវៀតណាម ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានផ្តល់នូវការឈឺចាប់ដ៏ខ្លាំងសម្រាប់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនប្រឆាំងនិងរដ្ឋាភិបាលវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោបានសួរទៅមេទ័ពព្រំដែនរបស់វៀតណាមរូបនេះ គួរសូមទោសសម្តេចតេជោ និងប្រជាពលរដ្ឋកម្ពុជាដែរទេ? សម្តេចចង់ឃើញអនុរដ្ឋការពារជាតិវៀតណាម កែតម្រូវសម្តីរបស់ខ្លួន ដែលធ្លាប់និយាយថា កម្ពុជា ជាប្រភពនាំចូលកូវីដ-១៩។

នៅថ្ងៃនេះ សម្តេចតេជោបានរំលឹកពីទ្រឹស្ដីដែលបានដាក់ចេញពេលដែលចាប់ផ្ដើមកាន់តំណែងជានាយករដ្ឋមន្ត្រី លើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសជាតិគឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយឡើយ។ សម្តេចតេជោក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាកជាពិសេសក្នុងរដូវរងារនេះ ត្រូវបន្តយកចិត្តទុក្ខមនុស្សវ័យចាស់មានជីដូន ជីតា ឪពុក-ម្ដាយអំពីសុខភាពរបស់ពួកគាត់។ សម្រាប់អ្នកក្រីក្រ អាជ្ញាធរត្រូវយកចិត្តទុកដាក់ ក្រុមការងារចុះជួយមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជាប់ជានិច្ច។

ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត សំដៅដល់អត្ថន័យចំនួន២ អត្ថន័យទី១ ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនដទៃទៀត ដូច្នេះបេក្ខភាពក្នុងបក្សផ្សេងទៀត ចង់ប្រកួតប្រជែង គឺអាចដាក់ពាក្យបាន។ អត្ថន័យទី២ គឺបញ្ជាក់ពីដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត មិនមែនតាមរយៈវិធីផ្សេងនោះទេ។ សម្តេចបានបញ្ជាក់ថា សម្ដេចបានសម្លឹងឃើញបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលខាងមុខចំនួន៤នាក់ឯណោះមិនមែនមានតែ១នោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរចំពោះសមិទ្ធផលផ្លូវនាពេលនេះ និងបានជូនពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជូនតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ ចុងបញ្ចប់កម្មវិធីសម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយឯកអគ្គរដ្ឋទូតចិន ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ១១ចាប់ពីពេលនេះតទៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។