ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានអញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យរបាយការណ៍ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប

កម្មវិធីទី៥(ចុងក្រោយ)៖
នៅរសៀលវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួងនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យរបាយការណ៍ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប ។

តាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាបបានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ក្នុងខេត្តសៀមរាប មានចំនួន ១៨៧ ទីតាំង ស្មើផ្ទៃដី ប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ៣០ ក្នុងក្រុង-ស្រុកទាំង ០៦ ក្នុងនោះរួមមាន៖

ស្រុកក្រឡាញ់ មានឃុំចំនួន ០២ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៩ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ០២ ទីតាំង ស្មើនឹង ២៨.៣០ ហិកតា នៅក្នុងឃុំចំនួន ០២ គឺឃុំសំបួរ និងឃុំស្រណាល។

ស្រុកពួក មានឃុំចំនួន ០៦ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៤ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ០៩ ទីតាំង ស្មើនឹង ៦៨,៧៦ ហិកតា នៅក្នុងឃុំចំនួន ០៤ គឺឃុំមុខប៉ែន ឃុំកែវពណ៌ ឃុំល្វា និងឃុំពួក។

ក្រុងសៀមរាប មានសង្កាត់ចំនួន ០៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៤០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ៤០ ទីតាំង ស្មើនឹង ៨៩ ហិកតា ក្នុងសង្កាត់ចំនួន ០៧ គឺសង្កាត់ ក្របីរៀល សង្កាត់សំបួរ សង្កាត់ស្រង៉ែ សង្កាត់ស្វាយដង្គំ សង្កាត់ចុងឃ្លៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ។

ស្រុកប្រាសាទបាគង មានឃុំចំនួន០៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១,១៩៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដី ក្នុងតំបន់៣ ចំនួន ១១ ទីតាំង ស្មើនឹង ១៨១.៣៨ ហិកតា នៅក្នុងឃុំចំនួន ០៣ គឺឃុំកំពង់ភ្លុក ឃុំរលួស និងឃុំកណ្តែក។

ស្រុកសូទ្រនិគម មានឃុំចំនួន ០៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៥៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ១៧ ទីតាំង ស្មើនឹង ១១០.៧៦ ហិកតា នៅក្នុងឃុំចំនួន០៣ គឺ ឃុំដានរុន ឃុំខ្ពស់ និងឃុំកំពង់ឃ្លាំង។

ស្រុកជីក្រែង មានឃុំចំនួន ០៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេ សាប មានប្រជាពលរដ្ឋសរុបចំនួន ៣៣០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ២៨ ទីតាំង ស្មើនឹង ១,៤៣៦.៩៤ ហិកតា នៅក្នុងឃុំចំនួន០៧ គឺឃុំស្ពានត្នោត ឃុំអន្លង់សំណរ ឃុំឬស្សីលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំ ជីក្រែង និងឃុំល្វែងឬស្សី។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីឯកឧត្តម ទៀ សីហា នៃគណៈអភិបាលខេត្ត សៀបរាប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានសម្រេចដាក់ចេញវិធានការចំនួន ១០ ចំណុចដូចខាងក្រោម៖

១. ជូនរដ្ឋបាលខេត្ត ត្រូវដកហូតដីដែលអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣ មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២. ជូនអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលព្រំមេ និងរងក្នុងតំបន់៣ នៅលើទីតាំងណាមិនទាន់បានបោះ ឬបង្គោលដែលបានបាត់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក តាមអនុក្រឹត្យ ១៩៧ ។
៣. ជូនអាជ្ញាធរទន្លេសាប ធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ ។
៤. ជូនរដ្ឋបាលខេត្តត្រូវទប់ស្កាត់ប្រជាជនមិនការចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ ។
៥. ជូនរដ្ឋបាលខេត្តត្រូវបន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាបដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។
៦. ផ្តល់ឱកាសជូនប្រជាពលរដ្ឋឲ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល ។
៧. ជូនព្រះរាជអាជ្ញាយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹង ដែលមន្រ្តីនគបាលបានកសាងនិងដាក់សំណុំរឿងរួចរាល់។
៨. ប្រគល់ជូនអាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧតុនិយម ត្រូវលើសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់ ។
៩. ជូនអាជ្ញាធរមូលដ្ឋានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេសដើមប្ញស្សី។
១០. រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារ និងទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឺកក្នុងតំបន់៣ ជាប្រចាំខែ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។