ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា៖ ការកសាងនូវវិមានឯករាជ្យ ពិតជាមានសារៈសំខាន់ ដើម្បីរំលេចនូវស្នាព្រះហស្ថ ជាប្រវត្តិសាស្ត្រ នៃការអបអរសាទរនូវបុណ្យឯករាជ្យជាតិ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ពីមុនខេត្តកំពង់ចាមពុំទាន់មានវិមានឯករាជ្យសម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិនៅឡើយទេ ដូច្នេះការកសាងនូវវិមានឯករាជ្យនេះ ពិតជាមានសារៈសំខាន់ដើម្បីរំលេចនូវស្នាព្រះហស្ថ ជាប្រវត្តិសាស្ត្រនៃការអបអរសាទរនូវបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយដ្ឋានប្រវត្តិសាស្ត្រ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សីហនុ ដែលបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាថ្ងៃ០៩ វិច្ឆិកា ឆ្នាំ១៩៥៣។

លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ រួមជាមួយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២១។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា ការសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ជាផ្នែកមួយបានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាកូនចៅជំនាន់ក្រោយៗបន្តទៀត។ ទន្ទឹមនោះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញទៅដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចជា ការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាតនាឆ្នាំបន្តបន្ទាប់ផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ផ្អែកតាមផែនការសាងសង់ គម្រោងនេះ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៦ នេះតទៅ និងគ្រោងបញ្ចប់ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី០៩ វិច្ឆិកា នៃការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីសម្ពោធដាក់នូវសមិទ្ធផលនេះ ផងដែរ។

គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរសម្រេចសាងសង់វិមានឯករាជ្យនាពេលនេះ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងមុខច្រកចូល ទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម។ ជាមួយគ្នានោះ អាជ្ញាធរ ក៏បានសាងសង់ពង្រីកផ្លូវឲ្យធំទូលាយ នៅចំណុចរង្វង់មូលជុំវិញវិមានឯករាជ្យនេះ រួមទាំងការពង្រីកផ្លូវបន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ។

ដោយឡែក ដើម្បីសម្រួលដល់កិច្ចដំណើរការនៃការដ្ឋាន អាជ្ញាធរក៏បានផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្នត្រង់ចំណុចកំណាត់ផ្លូវលេខ៧ចាស់ មួយរយៈសិន ដោយបង្វែទិសចរាចរណ៍ តាមផ្លូវលេខ៧ ថ្មី ឬវាងតាមទន្លេអុំវិញផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។