ព័ត៌មានជាតិ

គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រមាណ ៤០០នាក់ មកពីស្រុកចំនួន២ បានទទួលពូជបន្លែ សម្រាប់ដាំដុះបន្លែផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ

(សៀមរាប) នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រមាណ ៤០០នាក់ មកពីឃុំសែនសុខ នៃស្រុកក្រឡាញ់ និងឃុំមោង នៃស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប បានទទួលពូជបន្លែ សម្រាប់ដាំដុះបន្លែផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ
ដែលក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន ៤មុខ មានល្ពៅ ប៉េងបោះ ត្រប់វែង ស្ពៃចង្កឹះ ដោយកម្មវិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព លោក លោកស្រី អភិបាលស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ននេះ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បញ្ហាសេដ្ឋកិច្ចសកល ក្នុងនោះសម្រាប់ខេត្តសៀមរាប ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ គឺធ្វើឱ្យយើងមានប៉ះពាល់ដល់ចំណូលគ្រួសារ ហើយគ្រួសារមួយចំនួនឈានដល់ការបាត់បង់សមាជិកគ្រួសារផងដែរ។ លោកក៏បានលើកផងដែរ អំពីស្ថានភាពនៃការឆ្លងជំងឺកូវីដ នៅខេត្តសៀមរាប មកដល់ពេលនេះ មានសភាពធូរស្រាល ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបាន ធ្វើការផ្សព្វផ្សាយអប់រំដល់សាធារណៈជន ត្រូវតែបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើមី្បរួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ ហើយសូមឲ្យបងប្អូនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានប្រសាសន៍លើកឡើងថា កន្លងមកយើងបានផ្តល់ និងចែកជូនគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗរួចមកហើយ ដោយលើកទី១ កាលពីឆ្នាំ២០១៨ បានផ្តល់ចំនួន ២៩៤៣១គ្រួសារ និងលើកទី២ ឆ្នាំ២០១៩ បានផ្តល់ចំនួន ១៦៧៩៩គ្រួសារ ដល់ប្រជាកសិករនៅក្នុងខេត្តសៀមរាប។ ជាក់ស្តែងឆ្នាំ២០២១នេះ ក៏បានបន្តធ្វើការចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ ដូចដែលមានកម្មវិធីនាថ្ងៃនេះ សម្រាប់ការផ្តល់ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលមានគោលដៅស្តារជីវភាពគ្រួសារឡើងវិញ។ ឯកឧត្តម សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលបានទទួលនូវពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗនេះនឹងយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលាស្របតាមលក្ខណៈបច្ចេកទេស និងស្នើដល់រដ្ឋបាលស្រុក ឃុំ ភូមិ បន្តផ្តល់នូវគោលការណ៍ណែនាំផ្សេងៗបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលទទួលបាននូវពូជបន្លែនេះបានទទួលនូវផលប្រយោជន៍នៃការដាំដុះនៃពូជទាំងនេះ ដើម្បីស្តារជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តកិច្ចសហការជាមួយក្រុមការងារ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំដទៃទៀត៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។