ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ប្រារព្ធទិវា អន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១!

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ​ ដេីម្បីអនាគតយេីង​ -​ ទាំងអស់គ្នាបន្តធ្វេីសកម្មភាព​ ដោយមិនឈប់ឈរ ឡេីយ» នៅក្នុងបរិវេណ ទីស្នាក់ការអនុសាខាស្រុកកំពង់សៀម។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានអនុសាខា មន្ត្រីប្រចាំការ ក្រុង ស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពី ៤ គ្រឹះស្ថានសិក្សា សរុបចំនួន ១៦៨នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ជូនដល់អង្គពិធីទាំងមូល ដែលក្នុងនោះ ក្នុងព្រះបរមនាម ហ្លួងម៉ែ ព្រះប្រធានកិត្តិយសសម្តេចប្រធាន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្មួយៗ ជាយុវជនកាកបាទក្រហមកម្ពុជា និង បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ បានខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ពុះពារឧបសគ្គ និងជំនះបញ្ហាប្រឈមនានា ក្នុងបេសកកម្មផ្តល់សេវាកម្មមនុស្សធម៌ ពិសេស ក្នុងបរិការណ៍នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានពាំនាំនូវសារគន្លឹះ ទប់ស្កាត់ហានិភ័យនែការឆ្លងជំងឺដ៏កាចសាហាវនេះ យកទៅអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ តាមខ្នងផ្ទះ និងទីកន្លែងនានា ក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំរំឭក សេចក្តីអំពាវនាវរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះ អោយបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា- មិនទុកនរណាម្នាក់ចោល ” និងបន្តខិតខំសម្រេចអោយបាន បាវចនា ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល “។

ជាមួយនេះ សូមបង-ប្អូនរួមជាតិ​ បន្ដពង្រឹងការការពារសុខភាពឱ្យបានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល​ «៣ការពារ​ ៣កុំ» ដេីម្បីសុខុមាលភាពរបស់បុគ្គលម្នាក់ៗ​ របស់ក្រុមគ្រួសារជាទីស្រឡាញ់​ របស់សហគមន៍​ និងសង្គមជាតិយើង។

ដើម្បីជាការលើកទឺកចិត្តដល់ការខិតខំរបស់បងប្អូន, ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញ ប្រគល់ប័ណ្ណសរសើរដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ កន្លងមក ចំនួន ៥០នាក់ ( ស្រី ២៩នាក់) ផងដែរ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។