ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ៣គ្រួសារ រស់នៅស្រុកកំពង់សៀម ទទួលបានការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម

(កំពង់ចាម) :ដើម្បីជាការចូលរួមសោកស្តាយដោយក្តីអាណិតសូរជាពន់ពេក ចំពោះការបាត់បង់ទីជម្រកសំរាប់ស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋចំនួនបីគ្រួសារ ស្ថិតនៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ដែលបានរងគ្រោះដោយសារអាគីភ័យឆាបឆេះ បានទទួលការយកចិត្តទុកដាក់ និងការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម ។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ខាងលើ កើតឡើង កាលពីម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយសារតែឆ្លងចរន្តអគ្គិសនី បណ្តាលអោយផ្ទះឈើ ៣ខ្នង ( ១ខ្នងប្រក់សង្កសី ទំហំ ៥ ម×៦ម និង ២ខ្នងទៀត ប្រក់ក្បឿង ទំហំ ៧ម× ១៥ម ) ត្រូវភ្លើងឆាបឆេះ ផ្តើមពីផ្ទះកណ្តាល ហើយឆេះរាលដាលផ្ទះសងខាង បន្តបន្ទាប់គ្នា ខូចខាតអស់ទាំងស្រុង ។

ទន្ទឹមនឹងការចូលរួមសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះចំពោះឧប្បត្តិហេតុដែលមិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ ដែលជាការខិតខំស្ទើរពេញមួយជីវិត បែជាត្រូវខាតបង់ក្នុងរយៈពេលដ៏ខ្លី ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភអំពីសុខទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។​

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់​ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀតការ ត ភ្ជាប់ចរន្តអគ្គិសនីក៏ត្រូវពិនិត្យរៀបចំ អោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល ” ៣ការពារ និង៣កុំ” និង ២ចូលរួម ” ដើម្បីជៀសអោយផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០ គក្រ, មីជាតិ ២កេស, ត្រីខ ២យួរ , ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ, ឃីត (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់, តង់ ១, អាវយឺត ៨, សម្ភារ ផ្ទះបាយ ១ សម្រាប់ ព្រមទាំង ថវិកា ចំនួន ១,០០០,០០០ រៀល ។ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។