ព័ត៌មានជាតិ

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទល្បីល្បាញជាងគេនៅទ្វីបអាស៉ី

(ភ្នំពេញ)៖ នៅក្នុងទ្វីបអាស៉ី ដែលមាន ៤៨ប្រទេស ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទដែលល្បីល្បាញជាងគេបំផុត ក្នុងទ្វីបមួយនេះ។ នេះបើតាមការសិក្សាដោយគេហទំព័រ Touropia Travel Guides ដែលជាគេហទំព័របង្ហាញពីទេសភាពដ៏អស្ចារ្យបំផុត នៅជុំវិញពិភពលោក។

Touropia បានបញ្ជាក់ថា ចំណាត់ថ្នាក់លេខ២ បានទៅលើប្រាសាទ Borobudur នៃប្រទេសឥណ្ឌូនេស៉ី និងចំណាត់ថ្នាក់លេខ៣ បានទៅលើប្រាសាទ Baalbek នៃប្រទេសលីបង់ ខណៈប្រាសាទ Harmandir Sahib ដែលគេស្គាល់ថា ប្រាសាទមាស នៃប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៤ ហើយប្រាសាទ Kinkaku-ji ឬប្រសាទ Golden Pavilion នៃប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់លេខ៥។
ក្នុងនោះដែរប្រសាទ Heaven នៃប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ៦ និងចំណាត់ថ្នាក់លេខ៧ បានទៅលើប្រសាទ Wat Phra Kaew ឬ ប្រសាទ Emerald Buddha នៃប្រទេសថៃ ខណៈប្រសាទ Taktsang Dzong ឬប្រសាទ Tiger’s Nest នៃប្រទេសប៊ូតាន់ ជាប់ចំណាត់ថ្នាក់លេខ៨ តាមពីក្រោយដោយប្រសាទ Ranakpur និងប្រសាទ Lotus នៃប្រទេសឥណ្ឌា ដែលជាប់ចំណាត់ថ្នាក់លេខ៩ និងលេខ១០។

សូមជម្រាបថា ថ្មីៗនេះបើតាមការសិក្សាដោយ Touropia ប្រាសាទអង្គរវត្ត ដែលស្ថិតនៅខេត្តសៀមរាប ក៏បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីតាំងដ៏ល្អបំផុតសម្រាប់ទស្សនា បើធៀបនឹងទីតាំងដ៏ល្អបំផុតទាំង២៩ នៅតំបន់អាស៉ីអាគ្នេយ៍ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។