ព័ត៌មានជាតិ

មេឈ្មួញសម្រុកកាប់ឈើ ក្នុងតំបននៅតំបន់ព្រៃឡង់ ចំណុចព្រៃកន ឃុំរៀបរយ ស្រុករវៀង យ៉ាងគគ្រឹកគ្រេង

(ខេត្តព្រះវិហារ) ÷
ប្រភពថ្មីៗពីប្រ​ជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើស​ព្រៃឈើក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។

ដោយហេតុថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានឈ្មួញសម្រុកកាប់ឈើក្នុងតំបន់ព្រៃឡង់ចំណុចព្រៃកន ឃុំរៀបរយ ស្រុករវៀង ហើយប្រើប្រាស់រថយន្តម៉ាកបង្កុង រថយន្តកែច្នៃដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងគគ្រឹកគគ្រេង។

ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំរៀបរយ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺឈ្មួញមិនអាចកាប់ឈើហើយប្រើរថយន្តម៉ាកបង្កុង និងរថយន្តកែច្នៃដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងមហន្តរាយបានឡើយ។

សេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំរៀបរយ ​និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មួញប្រើប្រាស់រថយន្តបង្កុង និងរថយន្តកែច្នៃជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីចំណុចព្រៃបាក់កន ឃុំរៀបរយ ស្រុករវៀង យ៉ាងគគ្រឹកគគ្រេង។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ព្រមទាំងលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ សម្ងំស្ងាត់ឈឹងតែម្តង។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញខ្លះមានងារជាឧកញ៉ា ហើយឈ្មួញខ្លះមានខ្នងបង្អែករឹងមាំទើបអាចកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងរាលដាលតែម្តង។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើ ក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា នៅពេលប្រជាពលរដ្ឋកាប់ឈើបន្តិចបន្តួចដើម្បីសង់លំនៅដ្ឋានឬជួសជុលផ្ទះសម្បែង ត្រូវមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបយ៉ាងកំរោលដោយគ្មានការយោគយល់ឡើយ។

ប៉ុន្តែនៅពេលឈ្មួញមានងារជាឧកញ៉ា ឈ្មួញជាមន្ត្រីធំៗនិងឈ្មួញមានខ្នងបង្អែករឹងមាំកាប់ឈើក្នុងព្រៃឡង់ហើយប្រើប្រាស់រថយន្តបង្កុង និងរថយន្តកែច្នៃដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងអនាធិបតេយ្យបែរជាគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបទាល់តែសោះ។

ជាពិសេសលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើង​យ៉ាងពេញបន្ទុកនោះទេ ហើយបណ្តោយឲ្យលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ព្រមទាំងលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ យ៉ាងពេញបន្ទុក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។