ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម អបអរសាទរ ពិធីប្រគល់​ពានរង្វាន់​ជ័យលាភី​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​១១

(កំពង់ចាម) :សមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១​នេះ បាន​ប្រារព្ធ​ពិធី ប្រគល់​ពានរង្វាន់​ជ័យលាភី អក្សរសិល្ប៍​ទន្លេមេគង្គ លើក​ទី​១១ ដល់​បេ​ក្ខ​នារី​ពីររូប ធ្វើឡើង​នៅ​មន្ទីរ​សុខាភិបាល​នៃរដ្ឋបាលខេត្តកំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ចាម ។

​លោក ព្រឿង ប្រណិត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​ថ្លែងថា យើង​គ្រប់គ្នា​បាន​ជ្រាប​ច្បាស់​ហើយ​ថា ការបង្កើត​ស្នាដៃ​អក្សរសិល្ប៍​មួយ ប្រកបដោយ​ការច្នៃប្រឌិត គឺ​ទាមទារ​ឱ្យ​អ្នកសរសេរ​មាន​កម្រិត​យល់ដឹង​មូលដ្ឋាន​យ៉ាងច្បាស់​លាស់ ការយល់​ច្បាស់​អំពី​បរិបទ​សង្គម​មួយ​លើ​គ្រប់ផ្នែក ពិសេស វប្បធម៌ អរិយធម៌ និង​ជីវភាព​ពិត​របស់​មនុស្ស​ក្នុង​តំបន់​ទើប​ស្នាដៃ​មាន​ភាពប្រាកដនិយម​។

​ម្យ៉ាងទៀត យើង​តែងតែ​ទទួលស្គាល់ថា អក្សរសិល្ប៍​ដែលមាន​និរន្តរភាព និង​តម្លៃ គឺជា​ប្រភេទ​ស្នាដៃ ដែល​បានបង្ហាញ និង​ប្រៀបធៀប​តិច​ឬ​ច្រើន​នូវ​ព្រឹត្តិការ​សង្គម ជីវិត​ពិត​ក្នុងសង្គម​នោះ​។ ការជួបជុំ​ថ្ងៃនេះ​ដែរ ក៏​ជា​និមិត្តរូប​ការបន្ត​ពូន​ជ្រុំ​រឹតបន្ដឹង​ចំណងមិត្តភាព បន្ត​ចែករំលែក​បទពិសោធ ចំណេះដឹង​ថ្មីៗ និង​កាន់តែ​យល់ចិត្ត​អ្នកនិពន្ធ ដែល​រស់​នៅតាម​បណ្តោយ​ទន្លេមេគង្គ ស្ថិតក្នុង​ប្រធានបទ “​ជីវិត និង​និ​ន្ត​រ​ភាព​ទន្លេមេគង្គ​។ ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​ប្រជាជាតិ​រស់​តាម​ដង​ទន្លេមេគង្គ ។

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​ បាន​មានប្រសាសន៍​ផងដែរ​ថា ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ លើក​ទី​១១ នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដោយសារ​ការប្រឡង គឺធ្វើឡើង​ជា​អន្តរជាតិ នៃ​អ្នកនិពន្ធ​ជាច្រើន នៃ​បណ្ដា​ប្រទេស ជាប់​ដង​ទន្លេមេគង្គ​។ ក្នុងនោះ​បេ​ក្ខ​នារី ដែល​ទទួលបាន​ជ័យលាភី​មាន​ពីររូប ទី​១ ៖ ឈ្មោះ ឡុង លាភសុជាតា រស់នៅខេត្តកំពង់ចាម និងទី​២ ៖ ឈ្មោះ លឹម ផាន់​ណា ​មកពី​ភ្នំពេញ ។

ឯកឧត្តម​អភិបាលខេត្ត​ បាន​បញ្ជាក់ថា ការរៀបចំ ឲ្យ​មានការ​ប្រឡង​អក្សរសិល្ប៍​ទន្លេមេគង្គ​នេះ គឺ​ពិត​ជាមាន​អត្ថន័យ​សំខាន់​ណាស់ ពោល មិន​ត្រឹមតែ​ការប្រគល់​ពានរង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គល ឬ បញ្ញវន្ត នៃ​បណ្ដា​ប្រទេស រស់នៅ​ជាប់​ដង​ទន្លេមេគង្គ​នោះទេ សំខាន់បំផុត​គឺ​ការ​រឹតចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ល្អ តាម​បណ្ដា​ប្រទេស ដែល​ជាប់​ដង​ទន្លេមេគង្គ​។ ដូច្នេះ​ត្រូវ​ជំរុញ យន្តការ​នេះ ឱ្យមាន​ភាព​ស្អិតរ​មួ​ត តាមរយៈ​ការបង្កើតឱ្យមាន​ស្នាដៃ​ប្រកួតប្រជែង​អក្សរសិល្ប៍ របស់​ប្រទេស​នីមួយៗ ។ ម្យ៉ាងទៀត​ទាក់ទង​ទៅនឹង​ការចែករំលែក​បទពិសោធ​ន៍ ដល់​អ្នកនិពន្ធ​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្នុងប្រទេស​ជាប់​ទន្លេមេគង្គ​ផងដែរ ៕​សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។