ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប និងពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរ

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:៣០ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប និងពិភាក្សាការងារជាមួយលោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរលើកិច្ចសហប្រតិបត្តិការលើការងារបច្ចេកទេសរវាងក្រសួងទាំងពីរលើអនុវិស័យកសិកម្មពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ (SPS) ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើនិងសត្វព្រៃឆ្លងដែនខុសច្បាប់ក្នុងអនុវិស័យព្រៃឈើ ការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វនិងចត្តាឡីស័កសត្វ ការងារសហប្រតិបត្តិលើការងារកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្របច្ចេកទេសនៃការធ្វើវារីវប្បកម្មនៃអនុវិស័យជលផល។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ កោតសរសើរ 1និងវាយតម្លៃខ្ពស់ជូនចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ ចំពោះវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជាប្រកប់ដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាមក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។ ទាំងអស់នេះ ឯកឧត្តមបញ្ជាក់ថា បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងជាពិសេសបានចូលរួមបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា។ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមនាពេលនេះ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះនឹងត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

លោកអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការអនុញ្ញាតឲ្យមានការជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចផ្លូវការដ៏មានសារៈសំខាន់នាពេលនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេស និងក្រសួងទាំងពីរ ហើយសមិទ្ធិផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានបង្ហាញយ៉ាងច្បាស់លើទំហំ និងជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ នាំចូលផលិតផលកសិកម្មនៃប្រទេសទាំងពីរ ដោយក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០២១នេះ វៀតណាមបាននាំចូលផលិតផលកសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ហើយការនាំចេញផលិតផលកសិកម្មវៀតណាមមកកម្ពុជាបានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។

សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនារសៀលនេះ ក្រសួងទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា ក្នុងស្មារតីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរមានជាអាទិ៍៖

១. ឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។

២. កិច្ចសហការលើអនុវិស័យព្រៃឈើ ពោលការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់។

៣. ការងារគ្រប់គ្រងចរាចរសត្វ និងការទប់ស្គាត់ចរាចរសត្វខុសច្បាប់។ ការការពារ និងទប់ស្គាត់ជំងឺឆ្លងសត្វរវាងប្រទេសទាំងពីរ និងការអនុវត្តចត្តាឡីស័កសត្វតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។

៤. ពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់បទល្មើសជលផលឆ្លងដែនសមុទ្រ។ ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យជលផលតាមរយៈគម្រោងជំនួយឧបត្ថម្ភរបស់វៀតណាមសម្រាប់អនុវត្តក្នុងឆ្នាំ ២០២២ ដោយផ្តល់ការងារបណ្តុះបណ្តាលបច្ចេកទេសវារីវប្បកម្ម។

៥. អនុស្សារណៈនៃការយោគយល់គ្នាលើអនុវិស័យកៅស៊ូ ដើម្បីធានានិរន្តរភាពនៃអនុវិស័យនេះ។ រួមគ្នាគ្រប់គ្រង និងទប់ស្គាត់ការនាំចេញខុសច្បាប់នៃឈើកៅស៊ូ និងជ័រកៅស៊ូដែលមិនទាន់កែច្នៃ។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗខាងលើ ភាគីទាំងពីរបានឯកភាពរួមគ្នារៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំងពីរ ដើម្បីចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។