ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១

(បាត់ដំបង) :នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោក អភិបាល អភិបាលរងក្រុងស្រុកទាំង១៤ ព្រមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

បន្ទាប់ពីបានស្ដាប់ការរាយការណ៍ និងអានរបាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលបានអនុវត្តសម្រេចក្នុងខែវិច្ឆិកា និងបន្ទាប់ពីឆ្លងយោបល់រួច ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក ឲ្យបន្តពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀត ពិសេសពង្រឹងផ្នែកគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផ្នែកចរាចរណ៍សាធារណៈ ឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន ក្នុងន័យពង្រឹងដល់សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ និងអាត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តម បានបានលើកទឹកចិត្តដល់រដ្ឋបាលក្រុងស្រុក ទាំង១៤ រៀបចំវេទិការសាធារណៈទៅតាមលទ្ធភាពជាក់ស្ដែង ដែលខ្លួនអាចធ្វើទៅបាន មិនថាតូចក្ដី ធំក្ដី នៅតាមភូមិឃុំរបស់ខ្លួន ដើម្បីពង្រឹងការដោះស្រាយជូនប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ ។

ឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុងស្រុក ពង្រឹងដល់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីការមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយកន្លងមកប្រជាពលរដ្ឋភាគមិនទាន់បានទទួលដំណឹងច្រើនអំពីការចាក់វ៉ាក់សាំងលើកទី៣នេះ ដូច្នេះត្រូវធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ គ្រប់ភូមិ ឃុំ សង្កាត់ ទាំងអស់ ក្នុងការប្រញាប់ប្រញាល់មកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទៅតាមមណ្ឌលដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំ ដើម្បីពង្រឹងភាពស៊ាំក្នុងខ្លួនខ្ពស់ ប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩បម្លែង ជាពិសេសកូវីដ-១៩ អូមីក្រុង ដែលកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក ៕

ឯកឧត្តម ក៏បានលើកបន្ថែមទៀត ទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយ ជាពិសេសនៅតាមផ្សារ និងនៅតាមកន្លែងលក់ដូរផ្សេងៗ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។