ព័ត៌មានជាតិ

អគាររដ្ឋបាលថ្មីរបស់សាលាស្រុកតំបែរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន

អគាររដ្ឋបាលថ្មីរបស់សាលាស្រុកតំបែរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹក ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ ភូមិ សហការី អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ។

ជាបឋម លោល សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីស្ថានភាពភូមិសាស្រ្ត រចនាសម្ភ័ន្ធរដ្ឋបាល វឌ្ឍនភាពលើការអភិវឌ្ឍស្រុក វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលស្រុកបាននិងកំពុងអនុវត្ត និងដំណើរការនៃការសាងសង់អគាររដ្ឋបាលថ្មីនេះ។ល។ ភ្ជាប់ទៅនឹងសមិទ្ធផលថ្មីមួយទៀតដែលស្រុកតំបែរទទួលបាននាពេលនេះ លោកអភិបាលស្រុកបានចូលរួមអបអរសាទរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានក្រុមការងារ និងសហការីទាំងអស់ដែលបានខិតខំពុះពារ យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានលះបង់កំលាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន កៀរគរសប្បុរសជន រៀបចំកសាងអគាររដ្ឋបាលនេះឡើងទុកបម្រើការងារជូនប្រជាពលរដ្ឋឲ្យបាន់តែមានប្រសិទ្ធភាព ឲ្យស្របតាមកំណើននៃសេវាកម្មសាធារណ:នៅទូទាំងស្រុក។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា មកជូនបងប្អូនទូទាំងស្រុកតំបែរ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។ ក្នុងនាមក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទូទាំងស្រុក សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ដែលត្រូវបានអង្គសន្និបាតគណ:កម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ នៃគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេសចូលរួមអបអរសាទរ និងគាំទ្រទាំងស្រុងចំពោះលទ្ធផលរបស់អង្គសន្និបាតគណ:កម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ នៃគណបក្សប្រជាជនកម្ពុជាដែលបានសម្រេចជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អនាគត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារបានកោតសរសើរចំពោះលោកអភិបាលស្រុក និងសហការី លោកប្រធានក្រុមប្រឹក្សាស្រុក ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍស្រុកតំបែរទទួលបានលទ្ធផលជាផ្លែផ្កា ហើយអគាររដ្ឋបាលថ្មីនេះ គឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង ក្នុងស្មារតីយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក ឆ្លើយ តបទៅនឹងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០២០-២០៣០ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។ នេះមិនមែនសមិទ្ធផលលើកទីមួយទេ ដែលស្រុកតំបែរបានទទួល ជាក់ស្តែង កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា កន្លងមក ឯកឧត្តមប្រធានក្រុមការងារជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ “ពិនិត្យ ព្យាបាលជំងឺទូទៅតេជោសែនតំបែរ” ក្រៅពីនេះនៅមានសមិទ្ធផលនានាជាច្រើនទៀត ដែលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពមន្ត្រីរាជការសំដៅបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ការពង្រឹងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព សុខភាពសាធារណ: រួមទាំងការអភិវឌ្ឍវិស័យកសិកម្មផងដែរ ដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងស្រុកតំបែរទាំងមូល។ ភ្ជាប់ទៅនឹងសមិទ្ធផលនេះ ជាថ្មីម្តងទៀត ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ លោកកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលស្រុកតំបែរ ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជនដោយ ស្ម័គ្រស្មោះ។

ជាចុងក្រោយ ឯកឧត្តមប្រធាន លោកបានលើកទឹកចិត្ត ជំរុញ និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់របស់ស្រុកក្នុងឆន្ទ:ចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ បម្រើសុខភាពសាធារណ: ចូលរួមដោះស្រាយទុក្ខលំបាក កែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីក ចម្រើនថែមទៀត ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោក បានផ្តាំផ្ញើឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ខិតខំយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពលើការផ្តល់សេវាសាធារណ: លើកទឹកចិត្ត និងបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ យកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពល ពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពមូលដ្ឋានទាំង ៧ចំណុចឲ្យបានល្អប្រសើរ។ល។ បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវរួមគ្នាថែរក្សាអគារនេះឲ្យបានគង់វង្ស ទុកប្រើប្រាស់ជាប្រយោជន៍រួម។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។