ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង

(កណ្ដាល) :នាព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីខេត្ត ព្រមទាំងអង្គពិធីមួយចំនួនទៀត។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើរបាយការណ៍ជូនសម្ដេចព្រមទាំងអង្គពិធី អំពីសវតានៃទីតាំង និងការឈានមកសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ក្នុងនោះនៅទីតាំងនេះបានបែងចែកជាបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី មណ្ឌលថែទាំងនិងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី មណ្ឌលសុខភាពបាគូរសាងសង់ដោយក្រសួងសុខាភិបាល មណ្ឌលព្យាបាលនិងស្ដារអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតសម្បទា និងត្រៀមសាងសង់មណ្ឌលស្ដារនីតិសម្បទានជនរងគ្រោះផ្សេងៗ។

ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថាក្រសួងបានបើកការដ្ឋានសាងសង់មណ្ឌលយុវនីតិសម្បទានេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចែកជាពីដំណាក់កាល ក្នុងនោះសំណង់ហេដ្ឋារចនាសម្ព័ន្ធសាងសង់ថ្មីរួមមាន អាគាររង់ចាំ អគារស្នាក់នៅរបស់អនីតិជន ឃ្លាំងដាក់សម្ភារៈ ប៉ុស្តិ៍យាមសរុបចំនួន១២ខ្នង របង ក្លោទ្វារ បំពាក់លួសបន្លាជុំវិញមណ្ឌល អាងស្តុកទឹក ទីលានបាល់ទាល់ បាល់ទះ បាល់បោះ និងជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមក៏បានរាយការណ៍ជូនលម្អិតអំពីដំណើរការគ្រប់គ្រងមណ្ឌលនេះទាំងមូលផងដែរ។

អញ្ជើញមានប្រសាសន៍នាកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាមណ្ឌលយុវនីតិសម្បទានេះ គឺសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកថាជាសមិទ្ធិផលប្រវត្តិសាស្រ្តដំបូងបង្អស់នៅកម្ពុជា។ សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថាមណ្ឌលនេះគឺជាកន្លែងដែលអតីនិជនប្រព្រឹត្តខុសច្បាប់ ត្រូវរៀបចំឱ្យមកទទួលការអប់រំកែប្រែខ្លួនក្លាយជាយុវជនល្អក្នុងសង្គមជាតិវិញ ដែលការងារនេះ គឺសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដោយផ្អែកតាមច្បាប់ជាតិ និងវិធានអន្តរជាតិ ។

ពាក់ព័ន្ធនឹងស្ថានភាពអនីតិជនប្រព្រឹត្តខុសច្បាប់នៅកម្ពុជា សម្ដេចក្រឡាហោមបានឱ្យដឹងថា គិតមកដល់ពេលនេះ តាមរបាយការណ៍អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំនួនអនីតិជនកំពុងជាប់ឃុំមានចំនួន១៤២២នាក់ ដោយអ្នកខ្លះស្ថិតក្នុងភាពជាជនត្រូវចោទ ខ្លះជាជនជាប់ចោទ ខ្លះជាពិរុទ្ធជន និងខ្លះទៀតជាទណ្ឌិត ហើយពួកគេភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បទល្មើសលួចមានស្ថានទំងន់ទោសឬប្លន់ លួច មនុស្សឃាត រំលោភ និងបទល្មើសផ្សេៗ។

សម្ដេចក្រឡាហោមបានបន្តថាក្នុងចំណោមអនីតិជនកំពុងជាប់ឃុំនោះ មានអនីតិជនចំនួន៥០នាក់ត្រូវបានផ្ទេរឱ្យមកមណ្ឌលយុវនីតិសម្បទានេះដើម្បីដំណើរការគ្រប់គ្រងសាកល្បង។ សម្ដេចបានណែនាំក្រសួងពាក់ព័ន្ធត្រូវប្រញាប់រៀបចំប្រកាសអន្តរក្រសួងមួយ ដើម្បីគ្រប់គ្រងមណ្ឌលនេះនិងផ្ទេរអតីនិជនទាំងអស់ពីពន្ធនាគារនានាមកមណ្ឌលយុវនីតិសម្បទានេះ។

ពីវេធិកាអធិបតីនេះដែរ សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីលទ្ធផលនៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺនាចុងឆ្នាំ២០២១នេះ ដោយសម្ដេចបានសង្កត់ធ្ងន់អំពីហានិភ័យនៃការនាំចូលសារធាតុផ្សំផ្សេងៗមកសំយោគផលិតជាគ្រឿងញៀន។ សម្ដេចបានណែនាំមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីរក្សាកិត្តិយសប្រទេសលើឆាកអន្តរជាតិ ការពារប្រជាពលរដ្ឋកុំឱ្យធ្លាក់ក្នុងអន្លង់គ្រឿងញៀន និងថែរក្សាសន្តិសុខជូនពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានបន្តគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ការយកចិត្តទុកដាក់លើតួអង្គសំខាន់ក្នុងការងារបំរើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន រួមមានមេឃុំចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ស្មៀនឃុំសង្កាត់ និងមេភូមិ។ សម្ដេចក៏បានបន្តលើកឡើងជាថ្មីទៀតអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈការបន្តដាក់ចេញកម្មវិធីជាតិកំណែទម្រង់រយៈពេល១០ឆ្នាំ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបង្ហាញក្ដីសង្ឃឹមមុតមាំថាមណ្ឌលយុវនីតិសម្បទានេះ នឹងអាចដើរតួនាទីរួមចំណែកជួយស្ដារនីតិសម្បទា ជួយកសាងធនធានមនុស្សរបស់ជាតិ។ សម្ដេចក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន រួមគ្នាខិតខំធ្វើយ៉ាងណាឱ្យមណ្ឌលនេះអាចបន្តអភិវឌ្ឍន៍រីកចម្រើនតាមផែនការ និងទទួលបានជោគជ័យ។ មុននឹងបញ្ចប់ សម្ដេចបានអញ្ជើញផ្ដល់អំណោយថវិកា ដាំកូនឈើ កាត់ខ្សែបូរណ៍ និងពិនិត្យទីតាំងសំខាន់នៃមណ្ឌលនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។