ព័ត៌មានជាតិ

ក្រុមការងារមន្ទីរកសិកម្ម បានចូលរួមជាមួយសមាជិកសហគមកកសិកម្ម រំដួលម្លូព្រៃជាយដែលប្រមូលផលស្រូវសរីរាង្គ លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤-១៥ ខែវិឆ្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូល រួមជាមួយសមាជិកសហគមកសិកម្ម រំដួលម្លូព្រៃជាយដែនប្រមូលផលស្រូវសរីរាង្គ លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា។

សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២០នេះ សហគមន៏កសិកម្មរំដួលម្លូព្រៃជាយដែននៅឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ មានសមាជិកសរុបចំនួន ២០១គ្រួសារបានចុះកិច្ចសន្យារួមគ្នាផលិតទិញ-លក់ស្រូវសរីរាង្គជូនក្រុមហ៊ុន Amru Rice លើបរិមាណស្រូវសរុបរួមចំនួន ៨៨៧ ០០០គក្រ ក្នុងនោះមាន៖
១.ស្រូវក្រអូបផ្ការំដួលបរិមាណ ៦៥៨ ០០០ គក្រ
២.ស្រូវក្រអូបផ្កាម្លិ:ក្រហមបរិមាណ ៦៥ ០០០ គក្រ
៣.ស្រូវសរពូជក្នុងស្រុកបរិមាណ ១៦៤ ០០០ គក្រ។

តាមផែនការប្រចាំឆ្នាំ២០២០នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ គ្រោងនឹងទិញស្រូវសរីរាង្គប្រភេទផ្ការំដួល និងប្រភេទអង្ករស ក្នុងបរិមាណប្រហែល ១៥ ០០០ តោន ហើយអេមរុរ៉ាយស៍ បានផ្តល់តម្លៃពិសេសដល់ កសិករដែលដាំដុះស្រូវសរីរាង្គ ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥% ទៅ ៣០% ឬយ៉ាងតិច ចន្លោះពី ១៧០ ទៅ ២៥០រៀលក្នុងមួយគីឡូក្រាម ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា ជារួមក្រុមហ៊ុនបានផ្តល់តម្លៃជូនសហគមន៍ ចំពោះស្រូវផ្ការំដូលសរីរាង្គក្នុងតម្លៃ ១ ២៧០ រៀល ដល់ ១ ៥៥០ រៀល ក្នុងមួយគីឡូក្រាម។

តាមការចរចារតម្លៃគោល ស្រូវសរីរាង្គ និងកិច្ចសន្យាកសិកម្មរវាងក្រុមហ៊ុន និងសហគមន៍នេះ ទទួលបានការសម្រប សម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាដៃគូសហការរបស់អេមរុរ៉ាយស៍ ក្នុងការទទួលទិញស្រូវសរីរាង្គពីបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ទៅតាមកិច្ចសន្យាកសិកម្មដែលបានព្រមព្រៀងគ្នា។ សូមបញ្ជាក់ថាសហគមន៍ដែលចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន មិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ និងចំណូលនោះទេ តែពួកគាត់ថែមទាំងអាចទទួលបាននូវការបណ្តុះបណ្តាលពីក្រុមហ៊ុន លើជំនាញទន់ផ្សេងៗ និងការអនុវត្តជាក់ស្តែង ទាក់ទងទៅនឹង ស្តង់ដារសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង បច្ចេកទេសដាំដុះ ការធ្វើផែនការទិញលក់ សហគ្រិនភាព គោលគំនិតអាជីវកម្ម ការកត់ត្រាហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម។
គម្រោងស្រូវសរីរាង្គរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចាប់ផ្តើមនៅខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៤ ដែលដំបូងឡើយមានការចូលរួមពីសហគមន៍ចំនួន៨ ហើយគិតមកទល់ឆ្នាំ២០២០នេះ នៅខេត្តព្រះវិហារ មានសហគមន៍ចំនួន២២ ហើយដែលបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍។

ទន្ទឹមនឹងនេះ ការចុះកិច្ចសន្យាកសិកម្មជាមួយនឹងសហគមន៍ នឹងជួយធានាបាននូវគុណភាពស្តង់ដារ និងទីផ្សារ សម្រាប់សហគមន៍ ក៏ដូចជាក្រុមហ៊ុនផ្ទាល់ ក្នុងនោះ ផលិតផលកសិកម្មសរីរាង្គររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ មានការទទួលបាន នូវការបញ្ជាក់គុណភាពស្តង់ដារសរីរាង្គ EU / NOP ជាដើម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។