ព័ត៌មានជាតិ

សម្ដេច ហេង សំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជំនះ ៧ មករា

(ភ្នំពេញ) :នៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២២នេះគឺជាខួបលើកទី ៤៣ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២២) ដែលប្រទេសកម្ពុជាក៏ដូចជាពលរដ្ឋទូទាំងប្រទេស ត្រូវបានសង្គ្រោះ រំដោះចេញផុតពីរបបប្រល័យពូជសាសន៍ (កម្ពុជាប្រជាធិបតេយ្យ) ដ៏ខ្មៅងងឹតដែលបានដឹកនាំប្រទេសពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៧៩ បានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់រាប់លាននាក់ ប្រទេសជាតិទាំងមូលបានវិនាសខ្ទេចខ្ទីសឹងគ្មានសល់។

គណបក្សប្រជាជនកម្ពុជា ដោយមានការគំាទ្រពីបណ្តាប្រទេសជាមិត្តឆ្ងាយជិត បានរំដោះប្រទេសជាតិនិងអាយុជីវិតពលរដ្ឋ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។ ៧មករាឆ្នាំ១៩៧៩ ត្រូវបានពលរដ្ឋខ្មែរចាត់ទុកថាជាថ្ងៃកំណើតទី២របស់ខ្លួន។ គ្មាន៧មករាឆ្នាំ១៩៧៩គឺគ្មានថ្ងៃនេះឡើយ។ នៅក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលបានផ្តើមកសាង អភិវឌ្ឍន៍ មានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យមកដល់សព្វថ្ងៃ។

កម្ពុជាបច្ចុប្បន្ន មានកិត្យានុភាព និងមុខមាត់នៅលើឆាកអន្តរជាតិនិងបានកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមកសាងសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព សាមគ្គីភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិតាមរយៈវេទិកាអន្តរជាតិជាច្រើន ទាំងនៅខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូចជានៅឆ្នាំ២០២២នេះ សភាកម្ពុជាជាប្រធានអន្តរសភាអាស៊ាន (AIPA) ចំណែករាជរដ្ឋាភិបាលជាប្រធានអាស៊ាន(ASAEN) ជាដើមនោះ។

នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤៣ ថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជារៀងរហូតតទៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។