ព័ត៌មានជាតិ

ស្នាក់ការគណបក្សប្រជាជនកម្ពុជា មានការរៀបចំកម្មវិធីសន្និបាត គណៈកម្មាធិការគណបក្សឃុំសេដា ស្រុកតំបែរ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន

(ត្បូងឃ្មុំ) :នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ មានការរៀបចំកម្មវិធីសន្និបាត គណៈកម្មាធិការគណបក្សឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកថ្នាក់កណ្តាលនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ និងមានការចូលរួមរបស់ ឯកឧត្តម លោកជំទាវអនុប្រធាន និងសមាជិកក្រុមការងារសរុបចំនួនជាង ២០០នាក់។

សន្និបាតគណៈកម្មាធិការគណបក្សឃុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង
– ផ្សព្វផ្សាយពីរបាយការណ៍បូកសរុប វាយតម្លៃ អំពីសមិទ្ធផល និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សមូលដ្ឋាន សម្រាប់ការអភិវឌ្ឍន៍ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឆ្នាំ២០១៧ ដល់២០២២
– គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំឆ្នាំ២០២២ ដល់២០២៧
– សេចក្តីសម្រេចចិត្តសន្និបាតគណៈកម្មាធិការបក្សមូលដ្ឋានឃុំសេដា

មានមតិទៅកាន់អង្គសន្និបាត ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលអាជ្ញាធរមូលដ្ឋានស្រុកតំបែរ បានខិតខំទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញកាតព្វកិច្ចយ៉ាងល្អជូនចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសុខសុវត្ថិភាព ព្រមទាំងមានជីវភាពល្អប្រសើរស្របពេលនឹងដំណើរការវិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងអំឡុងពេលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីត១៩ ទន្ទឹមនឹងស្ថានភាពនៅលើពិភពលោកនៅតែមានភាពវឹកវរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរស្រុក និងឃុំ ត្រៀមខ្លួនអោយបានល្អ សម្រាប់ត្រៀមចូលរួមក្នុងយុទ្ធនាការបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត នៅក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រុមការងារថ្នាក់ស្រុក រៀបចំបូកសរុបនូវសមិទ្ធិផលនានាតាមបណ្តាឃុំ នូវលទ្ធផលដែលរាជរដ្ឋាភិបាលបានជួយអភិវឌ្ឍ និងការជួយគាំទ្រពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ដើម្បីវាយតម្លៃពីភាពរីកចំរើនក្នុងមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់បេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង រួមគ្នាកសាងប្រទេសទាំងអស់គ្នា ដោយប្រកាន់ខ្ចាប់វប្បធម៌ចែករំលែក រួមសុខទុក្ខជាមួយគ្នា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងធានាបាននូវសន្តិភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ទន្ទឹមនឹងការបើកដំណើរការសេដ្ឋកិច្ចពេញលេញក្នុងគន្លងប្រក្រតីភាពថ្មី ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់អាជ្ញាធរស្រុកតំបែរ បន្តយកចិត្តទុកដាក់គ្រប់គ្រង និងតាមដាននូវបញ្ហាការរីករាលជំងឺកូវីតនៅតាមបណ្តាភូមិ ឃុំ និងពង្រឹងការគ្រប់គ្រងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់សហការីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ បន្តខិតខំជំរុញការគាំទ្រ និងអភិវឌ្ឍស្រុកតំបែរបន្ថែមទៀត ដើម្បីបន្ថែមល្បឿននៃការអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។