ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ

(ភ្នំពេញ) :នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នេះ មុននឹងអញ្ជើញនិវត្តន៍មកកាន់ ព្រះរាជាណាចក្រកម្ពុជាវិញនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ទីតាំងសំរាប់តម្កល់រូបសំណាកព្រះពុទ្ធមហាវិទ្យានេះ ត្រូវបង្កើតឡើងដើម្បីគោរពបូជាមានបួនចំនុចដូចជា ១)ដើម្បីបង្ហាញភាពរីកចម្រើនរុងរឿង នៃសាសនាព្រះពុទ្ធនៅមីយ៉ាន់ម៉ាទៅកាន់ពិភពលោក ២)ដើម្បីធានាបានសន្តិភាព និងស្ថិរភាពក្នុងរដ្ឋ ៣)ដើម្បីបង្កើតបានការរីកលូតលាស់ នៃប្រជាជនក្នុងតំបន់ ក្នុងការចូលមកទស្សនាពីសំណាក់ធម្មយាត្រាជាតិ និងអន្តរជាតិ និង៤)ជួយសម្រួលដល់ការអភិវឌ្ឍន៏ជាតិ។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីការចង្អុលបង្ហាញនិងការណែនាំ លើស្ថានភាពជាក់ស្តែង ក្នុងការកសាងព្រះពុទ្ធបដិមាអង្គធំ និងរមណីយដ្ឋានព្រះពុទ្ធបដិមាអង្គធំ។ ក្នុងរូបនេះ គឺជាដុំថ្មដែលរកឃើញនៅកណ្ដាលប្រទេស ដើម្បីកសាងព្រះបដិមារូបនេះ។ រូបនេះ គឺបង្ហាញពីដុំថ្មដែលមានទំងន់ ៣៧០០តោន ដែលបានចម្លាក់រួចនៅឆ្នាំ២០១៩។ ក្នុងដំណើរការនៃការកសាងរូបសំណាក់នេះ មានគោលបំណងចម្លាក់កម្ពស់ព្រះបដិមា ៦៣ហ្វីត ដោយសរុបកំពស់ទាំងអស់ ៣៣១ហ្វីត។ ក្នុងដំណើរការដឹកជញ្ជូនក៏មានកំណាត់៤ដុំធំៗ ដុំសិលាដែលធំជាងគេគឺមាន ទម្ងន់ ១ពាន់៩០តោន និងផ្ទាំងសិលាតូចជាងគេគឺ មានទម្ងន់៨០០តោន។

ក្រោយពេលដែលបញ្ចប់ការកសាងព្រះកេសព្រះបដិមាអាចមានទម្ងន់ ១ពាន់១០៣តោន សរុបទាំងអស់គឺមានជាង ៣៥០០តោនដែលធំជាងគេនៅលើពិភពលោក។ ដើម្បីកសាងព្រះបដិមាពុទ្ធរូបនេះ គឺថ្នាក់ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាបានពិភាក្សាសិក្សាជាមួយព្រះសង្ឃយ៉ាងល្អិតល្អន់ ។ ទន្ទឹមនឹងការកសាងព្រះបដិមាក៏មានគម្រោងកសាងឧទ្យានព្រះពុទ្ធនៅមុខព្រះពុទ្ធរូប ដែលមានរចនាបទជាឧទ្យានព្រះពុទ្ធ មានកសាងជាកុដិ ជាសាលា ជាបឹងសម្រាប់ព្រះពុទ្ធរូប ។ ការស្ថាបនាព្រះ ពុទ្ធរូបអង្គធំនេះឡើង ត្រូវបានការធានារ៉ាប់រងចំណាយពីរដ្ឋាភិបាលមីយ៉ាន់ម៉ា ព្រះសង្ឃ និង សប្បរសជននានាទាំងក្នុង និងក្រៅប្រទេស។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញនិវត្តន៍ចាកចេញពី រដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ារ ក្នុងដំណើរមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋាន អន្តរជាតិណៃពិដោរ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោ និងគណៈប្រតិភូមរួមមាន ឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ឯកឧត្តមអភិបាលរដ្ឋធានីណៃពិដោរ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀតផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។