ព័ត៌មានជាតិ

ស្តូបវិមានឈ្នះឈ្នះមួយទៀតនឹងលេចចេញថ្មីនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនាពេលឆាប់ៗ

(សៀមរាប) :នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្របពេល ដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស សប្បាយរីករាយ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជម្នះ ៧ មករា សំខាន់គឺថ្ងៃទី១០ មករា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងការរំដោះខេត្តសៀមរាប ។ ក្នុងពិធីប្រកាសនេះបាន ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ និង វត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប ឧត្តរមានជ័យ មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពលធំ និង កងពលតូច និង ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុកចូល រួមផងដែរ ។

ស្តូបវិមានឈ្នះ ឈ្នះនេះ បានសាងសង់ឡើងក្នុង គោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព, បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ, បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅកាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែង សម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយលរប្រវត្តិសាស្ត្រ ពិតរបស់ខេត្តឧត្តមានជ័យ បញ្ជាក់ពីភាពពិតរបស់កូនខ្មែរ សម័យនេះ និងសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។

នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្ត គឺត្រូវមានគំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានធ្វើការរំឮកឡើងវិញផងដែរ ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និង បង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ក៏ដូច ខេត្តឧត្តរមានជ័យ ដែលបានបន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ ។ ការបញ្ចប់ដោយជោគជ័យដោយ សន្តិវិធីនូវសង្រ្គាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវ ជីវភាព សុខសន្តិភាព និង ការពង្រឹងថែមទៀតនូវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរ ណាស់ទៅទៀត ។

សម្តេពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា ជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញ ដូច សម័យសព្វថ្ងៃនេះទេ ក្នុងដំណាក់កាលចុងក្រោយ គឺដោយសារបប ប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ដែលបាន ធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ៧ មករា ១៩៧៩ រហូតដល់១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា សមិទ្ធផលនយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជម្រុញការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើ សមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និង បានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។ បទពិសោធន៍ជា ប្រវត្តិសាស្រ្តជាច្រើនជំនាន់ក្នុងអតីតកាល និងសមិទ្ធផលសង្គមជាតិកន្លងមកថ្មីៗនេះ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់យើងរួមសាមគ្គីគ្នា សាងសង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងស្តូបឈ្នះ ឈ្នះ នៅខេត្តកោះកុង ដើម្បីបង្ហាញ និងរំលឹកដល់វីរភាព និង ស្នាដៃរបស់រជន ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព។ ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពី គ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិ សាស្រ្តជាដើរាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែនសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាទិសឧត្តរ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងសហការីទាំងអស់នៃអនុគណៈកម្មការសាងសង់ ស្តូបឈ្នះ ឈ្នះ បន្តយកចិត្តទុកដាក់អនុវត្តការងារឲ្យមានតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាពទាំងកិច្ចការរដ្ឋបាល ខ្លឹមសារបច្ចេកទេស និងធានាតាមនីតិវិធីបានកំណត់ ហើយអនុគណៈកម្មការនេះនាំគ្នាបន្តធ្វើការអំពាវនាវ និងកៀងគរធនធាននានាដោយការស្ម័គ្រចិត្តពីសប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត ប្រជាជន មហាជន សិស្សានុសិស្សទាំងអស់ ដើម្បីចូលរួមកសាងស្ថូបឈ្នះ ឈ្នះនេះ ឱ្យបានរួចរាល់ជាស្ថាពរតាមការគ្រោងទុក និងសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខា ភិបាល ពិសេសវិធានការពាការពារឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបន្តសម្រប បន្លំខ្លួន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ទៅតាមគន្លងប្រក្រតីភាពថ្មី ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។