ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សេចក្តីណែនាំស្តីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីណែនាំស្តីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បណ្តាអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដូចខាងក្រោម៖

*ទី១៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គ្រប់មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជនទាំងអស់ ត្រូវសហការរួមគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ ផ្សព្វផ្សាយ និងក្រើនរំលឹកឱ្យបានទូលំទូលាយបន្ថែមទៀត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ បុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយត្រូវរៀបចំយន្តការជាក់លាក់ និងបង្កលក្ខណៈងាយស្រួល ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ (ដូសទី៣ សម្រាប់ប្រជាពលរដ្ឋ និងដូសទី៤ សម្រាប់មន្ត្រីជួរមុខ) ស្របតាមគម្លាតរយៈពេលកំណត់របស់ក្រសួងសុខាភិបាលឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

*ទី២៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ បុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្ស-និស្សិត និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំង ឬនាំយកបុត្រធីតារបស់លោកអ្នកដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ (ដូសទី៣ សម្រាប់ប្រជាពលរដ្ឋទូទៅ និងដូសទី៤ សម្រាប់មន្ត្រីជួរមុខ) នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពទាំង ៤២ទីតាំង និងទីតាំងសមស្របមួយចំនួនទៀតដែលបានរៀបចំជូនក្នុងរាជធានីភ្នំពេញ។

*ទី៣៖ គ្រប់បណ្តាអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ-សហគ្រាស និងអាជីវកម្មដ្ឋានទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំអំពីចំនួនអ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ក្នុងអង្គភាព ឬទីតាំងអាជីវកម្មរបស់ខ្លួន និងត្រូវជំរុញអ្នកក្រោមបង្គាប់ឱ្យទៅទទួលវ៉ាក់សាំងបានទាន់ពេលវេលា ស្របតាមគម្លាតរយៈពេលកំណត់របស់ក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាពការងារ និងសុខភាពសាធារណៈ។

*ទី៤៖ ប្រធានអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានម្ចាស់ហាងកាហ្វេ ម្ចាស់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ វិស័យឯកជន និងម្ចាស់ទីតាំងទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មុនពេលអនុញ្ញាតឱ្យបុគ្គល ឬអតិថិជន ចូលក្នុងអង្គភាព ឬទីតាំងរបស់ខ្លួន។

ក្នុងករណីពិនិត្យឃើញបុគ្គលណាមួយ ឬអតិថិជនណាមួយ គ្មានបណ្ណចាក់វ៉ាក់សាំង ឬមិនព្រមបង្ហាញបណ្ណចាក់វ៉ាក់សាំង ឬប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងដែលមានគម្លាតរយៈពេលលើសពី ៤ខែ ក្រោយពេលចាក់វ៉ាក់សាំងដូសទី១ ឬលើសពី ៦ខែក្រោយពេលចាក់វ៉ាក់សាំងដូសទី២ ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងអង្គភាព ឬទីតាំងរបស់ខ្លួនឡើយ ហើយត្រូវណែនាំឱ្យពួកគេរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា។

*ទី៥៖ ចំពោះបុគ្គលទាំងឡាយណាដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ត្រូវផ្តល់ដំណឹងជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានដែលជិតទីតាំងស្នាក់នៅរបស់ខ្លួនបំផុតដើម្បីក្រុមគ្រូពេទ្យជំនាញចុះយកសំណាក (PCR) និងមានវិធានការទប់ស្កាត់បានទាន់ពេលវេលាចៀសវាងការចម្លងបន្តទៅក្រុមគ្រួសារ និងសហគមន៍ជាយថាហេតុ។ ក្នុងរយៈពេលរង់ចាំលទ្ធផល (PCR) សាមីខ្លួនត្រូវពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងមិនត្រូវចាកចេញពីទីតាំងដែលខ្លួនកំពុងស្នាក់នៅ ក្នុងករណីមិនចាំបាច់។

និងទី៦៖ គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ត្រូវសហការចុះត្រួតពិនិត្យ និងបង្កើនការយកចិត្តទុកដាក់ក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងករណីរកឃើញបុគ្គលណាមួយបានបំពានវិធានការនេះដូចជា មិនពាក់ម៉ាសនៅតាមទីសាធារណៈ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំនបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា គោលនយោបាយជាតិថាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាយុទ្ធសាស្រ្តគន្លឺនដ៏សំខាន់ និងជាខ្សែក្រវ៉ាត់ការពារទី១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតសម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ និងបានសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន «២០ កុម្ភៈ ២០២១» កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។