ព័ត៌មានជាតិ

ក្រុមការងារចម្រុះរបស់រដ្ឋបាលរដ្ឋបាលខេត្តសៀមរាប​ បានធ្វើការចុះពិនិត្យទីតាំងប្រកបអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ​ នៅក្នុងក្រុងសៀមរាប

(សៀមរាប) :នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រុមការងារចម្រុះរបស់រដ្ឋបាលរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត បានធ្វើការចុះពិនិត្យទីតាំងប្រកបអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ (ជីកអាចម៍ដី បូមខ្សាច់ ខ្សាច់បក) នៅក្នុងក្រុងសៀមរាប និងមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក​ លោកស្រីមន្ទីរ-អង្គភាព​ ពាក់ព័ន្អ និងមន្ត្រីជំនាញពាក់ ម្ចាស់ ឬតំណាងទីតាំងអាជីវកម្ម។

ក្រុមការងារចម្រុះ​ របស់រដ្ឋបាលខេត្តសៀមរាប​ បានធ្វើការចុះពិនិត្យចំនួន ០៤ទីតាំង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប
ក្នុងគោលបំណងដូចខាងក្រោម៖
១-ត្រួតពិនិត្យទីតាំងការដ្ឋានរបស់ក្រុមហ៊ុននានាដែលបានស្នើសុំអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ ពីរដ្ឋបាលខេត្ត និងអាជ្ញាបណ្ណចល័តពីរដ្ឋបាលក្រុងសៀមរាប លើលក្ខណៈបច្ចេកទេស និងអនុវត្តតាមវិធានការច្បាប់ចំពោះក្រុមហ៊ុនណាដែលអនុវត្តផ្ទុយពីលក្ខខណ្ឌបច្ចេកទេសដែលមានចែងក្នុងអាជ្ញាបណ្ណ ខុសពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
២-អប់រំ ផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ​ដល់អាជីវករ ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងការដឹកជញ្ជូនត្រូវមានការគ្របឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលើសទម្ងន់ និងបើកបរលើសល្បឿនកំណត់ និងណែនាំឱ្យក្រុមហ៊ុនដាំដើមឈើ និងធ្វើរបងព័ទ្ធជុំវិញរណ្តៅរបស់ខ្លួន ដើម្បីការពារសត្វពាហនៈ និងមនុស្ស ដែលអាចមានគ្រោះថ្នាក់ជាយថាហេតុ។
៣-ត្រួតពិនិត្យការធ្វើការអាជីវកម្មសិប្បកម្មធនធានរ៉ែដែលពុំមានអាជ្ញាបណ្ណដោយធ្វើការចុះបិទ និងអនុវត្តតាមនីតិវិធីច្បាប់៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។