ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចូលរួមរំលែកទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារសពដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃមុន

(សៀមរាប) :ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបតំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលជាក្រុមការងារកម្ទេចមីនរបស់អង្គការដោះមីនកម្ពុជា ដែលជួបឧបទ្ទេវហេតុក្នុងករណីផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត៣នាក់ នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងចំណោមអ្នកស្លាប់ចំនួន ៣រូប ក្នុងនោះមានអ្នករស់នៅខេត្តសៀមរាប ២នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖
១- លោក ម៉ា ស៊ីម៉េត អាយុ៣៣ឆ្នាំ រស់នៅភូមិប៉ោយស្មាច់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
២. លោក ម៉ន ចក់ អាយុ ៣៧ឆ្នាំ រស់នៅភូមិសំរោងត្បួង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប

ក្នុងទិដ្ឋភាពដ៏សោកសង្រេងនិងក្ដុកក្ដូលនាពេលនេះ ឯកឧត្តម គុជ លីណា ក្នុងនាមគណៈកម្មាធិការសាខា ក្រុមប្រតិបតិ្ត អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់នៃសព ដែលពួកគាត់បានជួបនូវឧបទ្ទេវហេតុអាក្រក់មួយនេះ ហើយយើងខ្ញុំទាំងអស់គ្នា ពិតមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ពួកគាត់។

ក្នុងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យើងខ្ញុំនឹងចងចាំនូវគម្រូវីរភាពដ៏អង់អាចក្លាហានរបស់លោក ដែលបានបំពេញការងារមនុស្សធម៌ និងសង្គ្រោះជីវិតមនុស្សឱ្យរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនរយៈកាលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពសូមអស់សង្ឃឹម ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមើលថែកូនៗដើម្បីឱ្យពួកគាត់មានអនាគតតទៅថ្ងៃមុខ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីខានឡើយ។

ក្នុងនោះសាខាកាកបាទក្រហមខេត្តក៏បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ ក្នុង១សពមាន៖ អង្ករ៣០គីឡូក្រោម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា២លានរៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។