ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានទទួលជួប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងក្រុមអ្នកជំនាញការអាល្លឺម៉ង់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម

(ភ្នំពេញ) :នាវេលាម៉ោង ១៥:០០ រសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកជំនាញការអាល្លឺម៉ង់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់កម្ពុជាលើគ្រប់វិស័យ។ ចំពោះវិស័យកសិកម្ម ប្រទេសអាល្លឺម៉ង់បាននិងកំពុងបន្តជួយឧបត្ថម្ភគាំទ្រដល់អនុវិស័យសំខាន់ៗសំដៅ ទី១. ពង្រឹងសមត្ថភាពមន្ត្រី និងពង្រីកសមត្ថភាពសហគមន៍កសិកម្ម ទី២. ការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម ទី៣. ការធ្វើឱ្យប្រសើរឡើងនូវការធ្វើកសិពាណិជ្ជកម្មក្នុងតំបន់អាស៊ី ទី៤. ជួយជំរុញដល់ការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី និងការអភិវឌ្ឍវារីវប្បកម្ម ទី៥. ការងារអភិរក្សតំបន់ដីសើមទន្លេមេគង្គ ទី៦. ការងារទប់ស្កាត់ ស្រាវជ្រាវ និងវិភាគជំងឺឆ្កែឆ្កួតដែលអាចឆ្លងពីសត្វមកមនុស្ស មនុស្សទៅសត្វ។ ការឧបត្ថម្ភគាំទ្រទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គឺពិតជាបានចូលរួមចំណែកយ៉ាងធំមួយជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិម្មនៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយលោកក៏បានបញ្ជាក់អំពីគោលបំណងសំខាន់នៃកិច្ចប្រជុំនារសៀលនេះគឺ ដើម្បីរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីការសិក្សា ស្រាវជ្រាវ និងស្វែងយល់អំពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា ដែលរូបលោក និងក្រុមអ្នកជំនាញការអាល្លឺម៉ង់បានសម្រេច ដើម្បីជួយជំរុញការងារនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាល្លឺម៉ង់បន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមថា ក្រុមអ្នកជំនាញការអាល្លឺម៉ង់ដែលចូលរួមនារសៀលនេះ គឺមកពីក្រុមហ៊ុនឯកជនអាល្លឺម៉ង់ធំៗដែលបាន និងកំពុងធ្វើការវិនិយោគ និងនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីកាន់ផ្សារអាល្លឺម៉ង់ ដៃគូអភិវឌ្ឍន៍ និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាសហការជាមួយក្រសួងលើការងារមួយចំនួនមានជាអាទិ៍៖ ការលើកកម្ពស់សមត្ថភាពប្រជាកសិករ និងសហគមន៍កសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការងារអនាម័យនិងភូតគាមអនាម័យស្រប់តាមស្តង់ដារអាល្លឺម៉ង់ និងអឺរ៉ុប តម្លៃនៃការដឹកជញ្ជូនផលិតផលកសិកម្ម។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងរីករាយចំពោះការសិក្សា ស្រាវជ្រាវ និងជាពិសេសបំណងចង់ជួយជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធស្របតាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍- សហគមន៍។ មួយវិញទៀត ត្រូវជំរុញ និងបំពេញខ្សែច្រវាក់តម្លៃបន្ថែមសំដៅលើការងារកែច្នៃ វេចខ្ចប់ និងឃ្លាំងត្រជាក់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមអ្នកជំនាញការអាល្លឺម៉ង់ សហការជាមួយមន្ត្រីជំនាញរបស់ក្រសួងពិភាក្សា និងរួមគ្នាអនុវត្តការងារនេះ ដើម្បីជាប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាកសិករកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។