ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំមន្ត្រីជំនាញប្រជុំពិភាក្សាលើសំណើសុំវិនិយោគ វារីយវប្បកម្ម (កន្លែងចិញ្ជឹមត្រី) ក្នុងខេត្ត

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំពិភាក្សាលើសំណើសុំវិនិយោគធ្វើវារីយវប្បកម្ម (កន្លែងចិញ្ជឹមត្រី) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានស្វាគមន៍សម្រាប់គម្រោងស្នើសុំវិនិយោគធ្វើវារីយវប្បកម្ម ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមផ្គត់ផ្គង់ប្រភពសាច់ត្រី ជូនដល់ទីផ្សារកម្ពុជាដែលកំពុងតែខ្វះខាតត្រីនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀតក៏នឹងជួយអភិវឌ្ឍន៍នៅតាមតំបន់ធ្វើវារីវប្បកម្មឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលអនាគតផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើការសិក្សាបន្ថែមលើទិដ្ឋភាពច្បាប់ និងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសិក្សាអំពីផលប៉ះពាល់ លើគម្រោងវារីវប្បកម្មនីមួយៗបន្ថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តអ្នកវិនិយោគដែលមានបំណងមកបោះទុនវិនិយោគនៅក្នុងខេត្ត ក្នុងធ្វើវារីវប្បកម្ម ក៏ដូចជាដើម្បីជៀសវាងឱ្យបានជាអប្បបរមា នូវផលប៉ះពាល់លើគម្រោងវិនិយោគវារីវប្បកម្ម ទៅលើសហគមន៍ និងប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនៅក្នុងតំបន់នេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។