ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន

(ភ្នំពេញ) :នៅព្រឹក ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន។

នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភាក្សាជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានឯកឧត្តមអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលឯកឧត្តមនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ាន មានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគួសបញ្ជាក់អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុងតែមាននាពេលនេះ ។ ការប្រឈមមួយចំនួន ទាមទារនូវការខិតខំដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ។ ក៏ប៉ុន្តែយើងមើលឃើញជាក់ស្ដែងដែលសមាជិកអាស៊ាននីមួយៗមានវិធានការដោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ នេះ ។ សម្ដេចតេជោបានមានប្រសាសន៍ យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញរៀបចំក្នុងការអនុវត្ត របាំងទេសចរណ៍អាស៊ាននេះ ក្នុងក្របខណ្ឌអាស៊ាននេះអាចជំរុញ វិស័យទេសចរណ៍ឡើងវិញ ក៏ដូចជាវិស័យធុរកិច្ចពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោក៏បាន មានប្រសាសន៍អំពីស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ថ្វីត្បិតតែមានការប្រឈមពីមេរោគបម្លែងខ្លួនថ្មីអូមីក្រុងក៏ដោយ តែកម្ពុជាបានខិតខំទប់ស្កាត់ជាបន្តបន្ទាប់។

នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានគូសបញ្ជាក់ ចំណុចសំខាន់ៗដូចជា ទី១)ពាក់ព័ន្ធទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ជាពិសេសទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាក្នុងពេលថ្មីៗកន្លងទៅនេះ ដែលមានគោលបំណងគឺចង់ជួយដល់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។ សម្ដេចតេជោក៏បានជម្រាបជូនអំពីគោលបំណង ៣ សំខាន់ៗទៅកាន់មីយ៉ាន់ម៉ា ទី១ធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ , បញ្ឈប់អំពើហិង្សា ទី២)ផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាម៉ាដែលត្រូវការចាំបាច់ និងទី៣)បើកច្រកទ្វារនៃការចរចាររកដំណោះស្រាយ ជាពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាននេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការជំរុញការងារទៅមុខទៀត ជាពិសេសក្នុងការបង្កើនយន្តការជួយដល់មីយ៉ាម៉ា។ យន្តការនោះត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ានដែលនឹងចូលកាន់ក្រោយកម្ពុជា និងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើការជាមួយគ្នាធ្វើយ៉ាងណាក្នុងការជំរុញ តាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។

ក្នុងជំនួបនេះសម្ដេចតេជោក៏បានលើកឡើងអំពីសមុទ្រចិនខាងត្បូង ដោយសារឆ្នាំនេះគឺជាខួបលើកទី២០ នៃDOC ហើយទោះបីជាជួបបញ្ហាក៏ដោយ ក៏យើងមិនត្រូវភ្លេចពីការងារនេះនោះទេ ត្រូវតែបន្តខិតខំជំរុញ បង្កើនល្បឿននៃការចរចារ។ សម្ដេចតេជោក៏បានអរគុណចំពោះអគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានឯកភាពគ្នាក្នុងការរៀបចំឲ្យមានការប្រារព្ធខួបលើកទី២០នៃDOC។ សម្ដេចតេជោក៏បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចារ ឲ្យបានដំណើរការទៅមុខ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្ដេចបានស្នើធ្វើយ៉ាងណាឲ្យអគ្គលេខាធិការអាស៊ាន ក៏ដូចជាឥណ្ឌូនេស៊ីជួយជំរុញក្នុងការរៀបចំផែនការសកម្មភាព អនុវត្តអ្វីដែលជាទស្សនទានរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសធ្វើយ៉ាងណាគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកអំពីសមាជិកភាព របស់ទីម័រឡេស្ត ដោយសម្ដេចបានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ១១ឆ្នាំហើយ ដែលប្រទេសនេះបានរង់ចាំយូរហើយ សម្ដេចបានស្នើឱ្យឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួយជំរុញគាំទ្រដល់ការងារនេះ ឱ្យប្រទេសទីម័រឡេស្តចូលជាសមាជិកអាស៊ាននាពេលខាងមុខនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកអំពីផែនការដែលកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ គឺមានផែនការរៀបចំកិច្ចសន្ទនាអាស៊ានពិភពលោក ដែលកាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២ គឺបានរៀបចំមួយលើក ដូច្នេះឆ្នាំនេះសូមឱ្យអគ្គលេខាធិការអាស៊ានគាំទ្រជួយដល់ការរៀបចំកិច្ចប្រជុំនេះ ក្នុងការអញ្ជើញតួអង្គសំខាន់ៗក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ ជាពិសេសប្រធានបទជុំវិញនឹងការស្ដាក្រោយវិបត្តិកូវីដ១៩។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអរគុណចំពោះ អនុសាសន៍ និងការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការងាររបស់អាស៊ាននាឆ្នាំ២០២២នេះ ។ ឯកឧត្តមសន្យាថានឹងធ្វើការជាមួយ ប្រធានអាស៊ានឆ្នាំនេះ ក៏ដូចជាវិស័យផ្សេងទៀតដែលកម្ពុជាដឹកនាំរួមទាំងបញ្ហាដោះស្រាយកូវីត-១៩ នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាយើងនឹងអនុវត្តនូវផែនការសកម្មភាព ជាពិសេសច្រក ក៏ដូចជារបាំងនៃការធ្វើដំណើររបស់អាស៊ាននេះ ។ នាពេលខាងមុខនេះយើងគ្រោងនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលក្នុងអាស៊ាននេះ ដើម្បីធ្វើយ៉ាងណា ជំរុញការងារ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ឯកឧត្តមបានគូសបញ្ជាក់ថានឹងជំរុញ កំណើនសេដ្ឋកិច្ចអាស៊ាន ដែលនឹងត្រូវធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត។

ទាក់ទងទៅនឹងខួប DOC ឯកឧត្តមនឹងខិតខំជំរុញការងារនេះ ជាពិសេសអាចផ្ដល់កន្លែងទីតាំងអគ្គលេខាធិការក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយដើម្បីធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពនៃការចរចាទៅលើ COC ។ ទាក់ទងទៅនឹងទស្សនៈទានឥណ្ឌូប៉ាស៊ីហ្វិក ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមនឹងធ្វើការងារនេះជាមួយប្រធានអាស៊ាន និងប្រទេសឥណ្ឌូនេស៊ីដែលមានគំនិតផ្ដួចផ្ដើម ធ្វើយ៉ាងណាដើម្បីដាក់ចេញផែនការសកម្មភាព ហើយឲ្យអាស៊ានដើរតួឈានមុខ នៅលើការងារនេះ ។ ទាក់ទងទៅនឹងគំនិតផ្ដួចផ្ដើមកម្ពុជារៀបចំកិច្ចប្រជុំធំ នៅមុនកិច្ចប្រជុំអាស៊ាន ដែលហៅថាកិច្ចសន្ទនាពិភពលោកនេះ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាគំនិតល្អ ហើយឯកឧត្តមសន្យាថានឹងបន្តធ្វើការងារជាមួយនឹងអាស៊ាន ក៏ដូចជាវិស័យផ្សេងៗដែលពាក់ព័ន្ធ ដើម្បីជំរុញការងារនៃកិច្ចប្រជុំនោះផងដែរ។ ទាក់ទងទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ាឯកឧត្តមក៏បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជា ដែលបានអនុវត្តន៍ស្របទៅចំណុចទាំង៥ នោះ។ ចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្ត អគ្គលេខាធិការអាស៊ាននឹងបន្តផ្ដល់ការគាំទ្រជាពិសេស ផ្ដល់ការបណ្ដុះបណ្ដាលសមាសភាព ដល់មន្ត្រីនៃប្រទេសទីម័រឡេស្តនេះ ។ ហើយអ្វីដែលឯកឧត្តមចង់ឃើញគឺ វឌ្ឍនភាពនៃការត្រៀមចូលជាសមាជិកថ្មីរបស់ ទីម័រឡេស្តក្នុងសមាជិកអាស៊ាននេះ។ ចុងនឹងបញ្ចប់សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអាស៊ាន ជំរុញក្នុងការរៀបចំកិច្ចប្រជុំពេញអង្គដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយដល់មីយ៉ាន់ម៉ា ដែលកន្លងមកប្រទេសជប៉ុនក៏បានគាំទ្រចំពោះគំនិតបង្កើតកិច្ចប្រជុំដើម្បីសកម្មភាពមនុស្សធម៌ជួយដល់ប្រទេសមីយ៉ាន់ម៉ានេះផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។