ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ណេង លើកទឹកចិត្តជាម៉ូតូ និងថវិកា ដល់ក្មួយៗសិស្សានុសិស្ស ដែលបានជាប់និទ្ទេស A ចំនួន ១៣នាក់ មកពីវិទ្យាល័យចំនួន ៣ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

(កំពង់ចាម) :ដើម្បី រួមចំណែកលើកទឹកចិត្ត ចំពោះ ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ ប្រធានគណ:កម្មការទី ៤ នៃរដ្ឋសភាជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានផ្ដល់ម៉ូតូ និងថវិកាមួយចំនួន ដល់សិស្សជាប់និទ្ទេស ជាប់ A ចំនួន ១៣នាក់ ជាសិស្ស រៀននៅវិទ្យាល័យចំនួន ៣ គឺ ៖ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។ ២.វិទ្យាល័យ ហ៊ុន សែន មេសជ្រៃ ។ និង៣.វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ណេង មានប្រសាសន៍ថា នេះគឺជាការចូលរួមចំណែករបស់ឯកឧត្ដម ដើម្បី ផ្ដល់ការលើកទឹកចិត្ត ចំពោះ ក្មួយៗ ដែលជាអ្នកខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននិទ្ទេសល្អ ។ ម្យ៉ាងវិញទៀត ពិធីថ្ងៃនេះ វាក៏ជាគំរូដ៏ល្អ សម្រាប់ក្មួយៗ ចៅៗ ជំនាន់ក្រោយ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របានពូកែ ដើម្បី មានឱកាសទទួលបានរង្វាន់ ដូចពេលនេះ ផងដែរ ។
នាឱកាសនោះដែរ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានផ្តាំផ្ញើ ដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ការក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ដើម្បី ក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពទាំងអស់នោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង ។
សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្ត របស់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ផ្ដល់ជូនសិស្សជាប់និទ្ទេស A ទាំង ១៣នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ម៉ូតូ ១គ្រឿង និងថវិកាចំនួន ២០ម៉ឺនរៀល ។
សូមរំលឹកដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនប្រឡងជាប់សរុប ចំនួន ៤.៣៣៣នាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ១១៨នាក់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។