ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យពិនិត្យមើលឡើងវិញ ក្នុងការអនុញ្ញាតឱ្យនាំសារធាតុមួយចំនួន ដែលអាចផលិតចេញជាសារធាតុញៀនចូលមកកម្ពុជា

(ភ្នំពេញ) :សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលឡើងវិញក្នុងការអនុញ្ញាតឱ្យនាំសារធាតុមួយចំនួន ដែលជាសារធាតុផ្សំអាចផលិតចេញជាសារធាតុញៀនចូលមកប្រទេសកម្ពុជា។ បើមិនចឹងទេ ជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងការបំផ្លាញសុខភាពសាធារណៈ។

ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា នាពេលថ្មីៗនេះ សមត្ថកិច្ចរកឃើញសារធាតុញៀនដឹកចូលមកកម្ពុជាដោយស្របច្បាប់ ជាង១០០តោន។ សម្ដេចក្រឡាហោម បានចោទសួរថា តើអ្នកណាទទួលខុសត្រូវ? ក្នុងការនាំសារធាតុញៀនទាំងនេះ ចូលមកប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម បានបន្ដថា ដូច្នេះត្រូវរកឱ្យឃើញអ្នកទទួលខុសត្រូវចំពោះការនាំសារធាតុញៀនទាំងនោះ ចូលមកកម្ពុជា ដោយហេតុថា នាំគ្នាចុះហត្ថលេខា អនុញ្ញាតឱ្យនាំសារធាតុញៀនចូលមកកម្ពុជា។ សម្ដេច បានលើកឧទាហរណ៍ថា ការនាំសារធាតុញៀនចូលមកកម្ពុជា ប្រៀបដូច នាំរថយន្ដគេចពន្ធចូលមកកម្ពុជា ព្រោះថា នាំគ្រឿងបន្លាស់រថយន្ដចូលកម្ពុជា ហើយផ្គុំចេញជារថយន្ដគេចពន្ធ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «សូមឱ្យក្រសួង ដែលជាក្រសួងអាជ្ញាប័ណ្ណ សូមឯកឧត្តមរដ្ឋមន្ដ្រី មើលរឿងហ្នឹង បើមិនចឹងទេ? ឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងការបំផ្លាញសុខភាពសាធារណៈ។ ហើយអាជ្ញាធរគ្រឿងញៀន ត្រូវពិនិត្យរឿងនេះឱ្យច្បាស់លាស់ ផងដែរ»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំបន្ថែមថា ក្រសួងដែលចេញអាជ្ញាប័ណ្ណហើយ ត្រូវបញ្ជូនលិខិតមកក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាល និងអាជ្ញាធរគ្រឿងញៀន បានដឹង តើសារធាតុញៀនទាំងនោះ ចរាចរណ៍ដល់ណាខ្លះ?។ សម្ដេចក្រឡាហោម បន្តថា ពេលខ្លះនាំមក យកធ្វើជី ឬធ្វើថ្នាំ ផ្ទុយទៅវិញផលិតគ្រឿងញៀន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។