ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ផ្តល់កុំព្យូទ័រយួរដៃ និងថវិកាជារង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA ៣២នាក់ នៅក្រុងខេត្តកំពង់ចាម

(កំពង់ចាម) : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានផ្តល់កុំព្យូទ័រយួរដៃនិងថវិកាមួយចំនួនដល់សិស្ស ប្រលងជាប់និទ្ទេសA ចំនួន៣២នាក់ នៅ ក្រុងកំពង់ចាម ដេីម្បីលើកទឹកចិត្តដល់ ក្មួយៗសិស្សានុសិស្ស ដែលបានខិតខំ រៀនសូត្ររហូតទទួលបាននិទ្ទេសល្អ ទោះ ស្ថិតក្នុងបរិបទកូវីដ -១៩ ដែលពិធីនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា នេះជាការទឹកចិត្តរបស់លោកផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ក្មួយៗក្នុងរយៈពេល១២ឆ្នាំកន្លងមក ទោះស្ថិតក្នុងបរិបទកូវីដ -១៩ ហេីយត្រូវ រៀនតាមប្រព័ន្ធអនឡាញយ៉ាងណាក្ដី។ ទាំងអស់នេះ គឺជាកិត្តិយសសម្រាប់ខ្លួនឯង ក៏ដូចជាមាតាបិតា ឬអាណាព្យាបាល ក៏ដូចជានាយកសាលាផ្ទាល់ ជាពិសេសកិត្តិយសសម្រាប់ខេត្តកំពង់ចាម របស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត លើកឡើងទៀតថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែករបស់ក្មួយៗនៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែចំពោះមុខយើងត្រូវគិតគូអំពីអនាគត ជាពិសេសការបន្តការសិក្សាលើមុខជំនាញក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលងប្រជែងនៅកម្រិតឧត្ដមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួន ពោលគឺទៅតាមសមត្ថភាព ដែលខ្លួនមានពិតប្រាកដ។

លើសពីនេះទៅទៀតនោះ នៅពេលក្មួយៗ បានបន្តនៅកម្រិតឧត្ដមសិក្សាហើយ ក្មួយៗត្រូវខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូកែ ធ្វើយ៉ាងណាឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹង មកបម្រេីជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចំរើនដល់ក្រុមគ្រួសារ។

បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា លទ្ធផលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជន មកប្រលងចំនួន ៦.៧៧៤នាក់ បេក្ខជន ប្រលងជាប់ចំនួន ៤.៣៣៣នាក់ ស្មើនឹង ៦៣,២៦% ក្នុងនោះសិស្សប្រឡង ជាប់និទ្ទេស A មានចំនួន ១១៨នាក់ ខណៈ បេក្ខជនប្រលងជាប់និទ្ទេសA នៅ ទូទាំងប្រទេសមានចំនួន១.៧៥៣នាក់។

គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែល ឯកឧត្តមអភិបាលខេត្ត ផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេសA ទាំង៣២នាក់ ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ (latop) ១ គ្រឿង , ថវិកាចំនួន៤០ម៉ឺនរៀល , សៀវភៅ២០ក្បាល, ប៊ិច និងខ្មៅដៃចំនួន ១០ដើមផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។