ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកក្រុមហ៊ុនជប៉ុន ដឹកនាំដោយ ឯកឧត្តម Takahashi អតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្តែងការគួសម

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករានេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE ដឹកនាំដោយ ឯកឧត្តម Takahashi អតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា (Former Japan Ambassador in Cambodia)និងសហការីចូលជួបសម្តែងការគួសម និងជម្រាបជូនអំពីគម្រោងបង្កើតក្រុមការងារ ” Cambodian Golden Silk (CGS)” នៅកម្ពុជានាពេលអនាគត។

ជាបឋម លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបថាដោយយល់ឃើញថាកម្ពុជាមានសក្តានុពលលើវិស័យផលិតកម្មសូត្រ ហើយដែលជនជាតិខ្មែរបានប្រតិបត្តិជាប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ជាច្រើនសតវត្សមកហើយដូចជានៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតកម្ម សូត្រខ្មែរត្រូវបានធ្លាក់ចុះ។ យល់ច្បាស់ពីបញ្ហានេះ ក្រុមហ៊ុនជប៉ុន iL BRiLLE មានគោល បំណងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយ:ការបង្កើត CGS ដើម្បីផលិតសូត្រសម្រាប់បម្រើឲ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឲ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។ លោកបញ្ជាក់បន្ថែមថា CGS នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទី១- ដល់ស្រ្តីតម្បាញនៅតាមជនបទដែលជាប្រភពផលិតហូល-ផាមួងមានការងារធ្វើ ទី២- ជួយលើកកម្ពស់តម្លៃបន្ថែមតាមរយ:ការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឲ្យវិស័យគ្រឿងសំអាង ទី៣- បង្កើតមជ្ឈមណ្ឌបង្កាត់ ភ្ញាស់ដង្កូវនាងពូជល្អៗ ផ្តល់ទិនកនផលខ្ពស់ រួចផ្សព្វផ្សាយជូនអ្នកចិញ្ចឹង និងទី៤- ស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះកម្មវត្ថុនៃការវិនិយោគរបស់ក្រុមហ៊ុន លើផលិតកម្មសូត្រខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកនាយកក្រុមហ៊ុនដោយសង្ខេបអំពីសក្តានុពលនៃដំណាំម៉ន និងផលិតកម្មសូត្រ ប៉ុន្តែលោកទទួលស្គាល់ថាផលិតកម្មនេះត្រូវបានធ្លាក់ចុះដោយកត្តាជាច្រើន។ ក្នុងនាមជាពលរដ្ឋខ្មែរ ចង់ឃើញវប្បធម៌ត្បាញហូល-ផាមួងស្ថិតនៅតែជាប្រពៃណីដ៏ផូរផង់របស់កូនខ្មែរជំនាន់ក្រោយៗ។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញជូនភ្ញៀវបានឃើញពីឆន្ទគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគនេះ ព្រោះថាវានឹងជួយកសាងកំលាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កាត់បន្ថយការនាំចូល ធ្វើឲ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឲ្យអស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួងដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឲ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងសន្យារង់ចាំផ្តល់កិច្ច សហការគ្រប់បែបយ៉ាងធ្វើយ៉ាងណាឲ្យគម្រោងដំណើរទៅដោយរលូន និងទទួលបានជោគជ័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។