ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់មេទឹកសារាយ ស្រុកបាធាយ

(កំពង់ចាម) ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតំបន់មេទឹកសារាយ ស្ថិតនៅក្នុងពពិត ឃុំតាំងក្រាំង ស្រុកបាធាយ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ តំណាងសហគមន៍មេទឹកសារាយ និងប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដែលមានទំនាស់ជាមួយសហគមន៍មេទឹកសារាយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថាទំនាស់ដីធ្លីនេះមានលក្ខណៈស្មុគស្មាញទាមទារឲ្យមានការដោះស្រាយ និងការគិតគូរវែងឆ្ងាយ ដើម្បីរក្សាបានប្រយោជន៍រួមរបស់សហគមន៍ និងសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់មេទឹកសារាយនេះ។ ជាមួយគ្នានេះឯកឧត្តមបានសំណូមពរដល់បងប្អូនដែលមានទំនាស់ត្រូវមានការអធ្យាស្រ័យ យោគយល់គ្នា បន្ទន់ឥរិយាបថរៀងៗខ្លួន និងប្រកាន់យកធម៌អហិង្សា រួមគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដោះស្រាយ ទើបទទួលបានលទ្ធផលជោគជ័យអាចទទួលយកបានទាំងសងខាង។

ឯកឧត្តមអភិបាលខេត្ត ណែនាំដល់រដ្ឋបាលស្រុកបាធាយ ត្រូវដឹកនាំមន្ត្រីជំនាញ សហការជាមួយនឹងមន្ទីរ-អង្គភាពជំនាញកសាងផែនទីគោលច្បាស់មួយក្នុងតំបន់ដែលមានវិវាទក្នុងមេទឹកសារាយ ហើយនៅរដូវទឹកសម្រកខាងមុខ ក្រុមការងារថ្នាក់ខេត្តដែលដឹកនាំដោយឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្តនឹងបន្តចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ដើម្បីធ្វើការដោះស្រាយ និងវាស់វែងបញ្ចប់ទំនាស់នៅមុនបំណាច់ឆ្នាំ២០២០៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។