ព័ត៌មានជាតិ

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរ និងប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពី សម្ដេចអគ្គមហាសេនាបតីតេជោ ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ិនហាក់ របស់ប្រទេសកូរ៉េខាងត្បូង ។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលទាំងស្រុងដូច្នេះថា៖

«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរ ស្តីពី សម្តេចអគ្គ មហាសេនាបតីតេជោ ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ (SUN HAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង ។

ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះនិងសូមកោតសរសើរដ៏កក់ក្ត សម្ដេចអគ្គមហាសេនាបតីតេជោ ចំពោះការទទួលពានរង្វាន់សន្តិភាព ស៊ុនហាក់ គឺជាមហាកិត្តិយស ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់ សម្ដេចអគ្គ មហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជន កម្ពុជា ។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍, មានការធានា ឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើ ឆាកអន្តរជាតិ។

ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារសូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។