ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះមហាក្សត្រ ពី សាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ) :ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍ពីសាធារណប្រជាមានិតចិន មកកាន់មាតុប្រទេសវិញប្រកបដោយព្រះរាជសុវត្ថិភាព នារាត្រីថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមនិងឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ជាច្រើនទៀត បានអញ្ជើញទទួលព្រះរាជដំណើររបស់ព្រះអង្គដល់អាកាសដ្ឋានអន្តរជាតិភ្នំពេញ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានយាងត្រឡប់ពីទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា កាលពីថ្ងៃសុក្រទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ តបតាមការយាងរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមរាជាអនុញ្ញាតក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។