ព័ត៌មានជាតិ

លោក ចូ បៃឌិន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

(ភ្នំពេញ)៖ លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក នាថ្មីៗនេះ បានផ្ញើលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើតាមលិខិតលោក ចូ បៃដិន ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃនេះ។

ក្នុងសារលិខិតនេះ លោក ចូ បៃដិន បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ដូច្នេះថា៖ ខ្ញុំសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អ នៅពេលទទួលបានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។

លោក ចូ បៃដិន បានបញ្ជាក់បន្ថែមថា៖ សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំរំពឹងថា សម្តេចតេជោនាយករដ្ឋមន្តី បានជ្រាបរួចហើយតាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ខ្ញុំអញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសជាមួយខ្ញុំ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត។

«ខ្ញុំសរសេរលិខិតនេះគឺចង់ទាក់ទងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ផងដែរដើម្បីគូសបញ្ជាក់ថា ខ្ញុំរង់ចាំស្វាគមន៍ សម្តេចអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅឱកាសដ៏ឆាប់ខាងមុខ»។ នេះបើតាមលិខិតអញ្ជើញរបស់ លោក ចូ បៃដិន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។