ព័ត៌មានជាតិ

លោក ងួន រតន: បានជំរុញមន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី ទាមទារនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា!

(កំពង់ធំ) :លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញលោក ថូ គឹមស៊ន ដែលទើបទទួលតែងតាំងមុខតំណែងថ្មីជាអភិបាលរងស្រុកស្ទោង ទាមទារនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ការលើកឡើងនេះ ត្រូវបានលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ថូ គឹមស៊ន ជាអភិបាលរងស្រុកស្ទោង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំងបី ក្រុមប្រឹក្សា លោកមេឃុំ និងមន្ត្រីរាជការនៅក្នុងស្រុកស្ទោង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា ដើម្បីសម្រេចបានកិច្ចការងារនៅរដ្ឋបាលស្រុកស្ទោង ថ្នាក់ដឹកនាំទាំងអស់ ត្រូវមានការបែងចែកតួនាទី ភារកិច្ចក្នុងការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដែលទាមទារឲ្យមានការឯកភាពក្នុងជួរថ្នាក់ដឹកនាំស្រុក តាមរយៈការប្រជុំគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ជាពិសេសដឹកនាំអភិវឌ្ឍនៅក្នុងស្រុកស្ទោង ពីជំនាន់មួយទៅជំនាន់មួយ ហើយជំនាន់នីមួយៗ ត្រូវបានកត់ត្រាទុក អំពីការដឹកនាំអំពីស្នាដៃល្អ និងការងារផ្សេងៗនៅបេះដូងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់រូប។

លោក ថូ គឹមស៊ន ដែលទើបទទួលបានការតែងមុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីថ្នាក់ក្រោម ដើម្បីលើកកម្ពស់គុណតម្លៃ និងអភិវឌ្ឍស្រុកស្ទោងស្ទោងឲ្យមានការរីកចម្រើនបន្ថែមទៀត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។