ព័ត៌មានជាតិ

ពិធី អបអរសាទរកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង

(ព្រៃវែង) :នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធី អបអរសាទរកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាមួយក្រុមការងារចលនាគ្រូបង្រៀន និងក្រុមការងារចលនាគ្រូពេទ្យ និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត សមាជិកគណបក្សខេត្ត សាខាបក្សអង្គភាព មន្ទីរ និងសមាជិក សមាជិការអង្គពិធីទាំងមូលសរុប ចំនួន ៤៨៥នាក់។

យោងតាមរបាយការណ៍របស់កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង គឺផ្តោតលើការបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែងឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ ដែលក្នុងនោះ មានចំនុចដ៏មានសារៈសំខាន់ៗមួយចំនួន ដើម្បីរៀបចំសកម្មភាព ផ្សព្វផ្សាយ និងពង្រឹងរចនាសម្ព័ន្ធគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងមនោសញ្ចេតនាសោមនស្សរីករាយ និងមោទនភាពក្រៃលែងដោយបានទទួលនូវវត្តមានដ៏ប្រសើរឧត្តុងឧត្តម សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដែលបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរអង្គពិធីនាពេលនេះ។ នាឱកាសនេះដែរ សម្តេចក្រឡាហោម ក៍បានផ្តល់អនុសាសន៍ក្រើនរំលឹកថ្នាក់ដឹកនាំ និងយុវជនបក្សខេត្ត ត្រូវយកចិត្តទុកដាក់បម្រេីរាស្ត្រ និងដាស់តឿនសមាជិកបក្ស ដោយខិតខំយកចិត្តទុក្ខដាក់យកចំណេះដឹង និងសមត្ថភាពបទពិសោធន៍ថ្មីៗ ល្អៗ ឲ្យបានច្រើន ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបន្តរក្សាបាននូវភាពរីកចំរើនសម្រាប់ប្រទេសជាតិ។

ទន្ទឹមនិងនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់ក្រុមការងារទាំងអស់ ដែលបានសហការគ្នាក្នុងការរៀបចំពិធីអបអរសាទរកិច្ចប្រជុំនេះ ដោយស្មារតីទទួលខុសត្រូវយ៉ាងយកចិត្តទុក្ខដាក់ អស់ពីកម្លាំងកាយចិត្ត និងហ្មត់ចត់អស់ពីចិត្ត ទទួលបានជោគជ័យ ប្រកបដោយសាមគ្គីភាព និងភាពស្និទ្ធស្នាលយ៉ាងរលូន។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមផ្តាំផ្ញើរដល់សមាជិក សមជិការបក្ស និងក្រុមគ្រួសារទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ *៣ការពារ ៣កុំ” ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការឆ្លងមេរោគកូវីដ-១៩។

ជាចុងក្រោយ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមជូនពរសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ជាមួយសហការីទាំងអស់ សូមមានសុខភាពល្អ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។