ព័ត៌មានជាតិ

ពលរដ្ឋខ្មែរចូលលេងលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងនៅ”កាស៊ីណូថ្មពេជ្រ” ច្រកក្អមសំណ!

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានឲ្យដឹងថា ម្ចាស់”កាស៊ីណូថ្មពេជ្រ” នៅជាប់ច្រកទ្វារអន្តរជាតិក្អមសំណ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងច្រើនប្រភេទយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ ប្រភពបានឲ្យដឹងថា​ អ្នកចូលលេងល្បែងមានពលរដ្ឋខ្មែរ និងជនជាតិយួន ហើយភាគច្រើនលើសលប់ជាពលរដ្ឋខ្មែរដែលចូលចិត្តលេងល្បែងបញ្ជល់មាន់ អាប៉ោង បៀ និងយូគី ព្រោះសមត្ថកិច្ចប្រចាំកាស៊ីណូថ្មពេជ្រ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ចំណែកអាជ្ញាធរខេត្តកណ្តាល បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលម្ចាស់កាស៊ីណូថ្មពេជ្រ នៅច្រកក្អមសំណ កំពុងប្រព្រឹត្តបំពានច្បាប់យ៉ាងរងងើល។

តាមការបង្ហើបពីអ្នកធ្លាប់ចូលទៅក្នុងកាស៊ីណូថ្មពេជ្រ បានឲ្យដឹងថា​ ម្ចាស់កាស៊ីណូនេះ មានមន្ត្រីយោធាធំម្នាក់នៅពីក្រោយខ្នងទើបអាចបើកល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយកៀងគរពលរដ្ឋខ្មែរឲ្យចូលលេងល្បែងយ៉ាងពពាក់ពពូន។ ប្រភពនេះបានបង្ហើបឲ្យដឹងថា​ មានការឃុបឃិតពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្តាល ផងដែរទើបម្ចាស់កាស៊ីណូថ្មពេជ្រ ហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក ហើយម្ចាស់កាស៊ីណូប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យទៅលើទង្វើបំពានច្បាប់របស់ម្ចាស់”កាស៊ីណូថ្មពេជ្រ” ជាបន្ទាន់។

ប្រជាពលរដ្ឋក្នុងឃុំក្អមសំណ បានកត់សម្គាល់ថា ចាប់តាំងពីម្ចាស់កាស៊ីណូថ្មពេជ្រ​ នៅជាប់ច្រកទ្វារអន្តរជាតិក្អមសំណ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ គឺក្នុងមូលដ្ឋានរបស់ពួកគាត់កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភ។​ មានការរិះគន់ចំៗថា អាជ្ញាធរខេត្តកណ្តាល ខ្លាចឥទ្ធិពលមន្ត្រីយោធា​ដែលនៅពីក្រោយខ្នងម្ចាស់កាស៊ីណូថ្មពេជ្រ ទើបបណ្តោយឲ្យម្ចាស់កាស៊ីណូនោះធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងនាយឧត្តមសេនីយ៍ នេត សា​វឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឲ្យម្ចាស់កាស៊ីណូថ្មពេជ្រ ធ្វើអ្វីៗតាមអំពើចិត្តទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។