ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សានាគរង្សី ១ខ្នង ៦បន្ទប់ និងអគារសាលាបឋមសិក្សាពងពស់ ១ខ្នង ៥បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង

(ព្រៃវែង)  :នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សានាគរង្សី ១ខ្នង ៦បន្ទប់ និងអគារសាលាបឋមសិក្សាពងពស់ ១ខ្នង ៥បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានទីតាំងស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងពិធីសម្ពោធនេះដែរ ក៏មានការចូលរួមពីព្រះតេជគុណ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ អភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង១៣ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ សរុបចំនួនជាង៦០០នាក់។

ឆ្លៀតក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើក្នុងអង្គពិធីនេះ ដើម្បីជម្រុញក្នុងដំណើរការរួមចំណែកដឹកនាំកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូររុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន២ខ្នងខាងលើនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចផ្ទាល់ ជូនដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងឃុំរោងដំរី ស្រុកបាភ្នំ បានសិក្សារៀនសូត្រ និងស្តារធនធានមនុស្សអោយប្រសើរឡើងវិញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ជាទីបញ្ចប់ ឯកឧត្តម ជា សុមេធី សូមគោរពជូនពរ សម្តេចក្រឡាហោម និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋនៃអង្គពិធីទាំងមូលនាឱកាសនេះ ជួប នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។