ព័ត៌មានជាតិ

លោក អ៊ុំ ចាន់រតនា មេគយច្រកទ្វារអន្តរជាតិដូង អនុវត្តផ្ទុយពីនាទី ភារ:កិច្ច ជំនាញកៀបឈ្មួញ ទាករផលប្រយោជន៍

(បាត់ដំបង) ÷ថ្មីៗបង្ហើបពីមន្ត្រីគយនៅក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅតែឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។

ទន្ទឹមនឹងនេះលោក អ៊ុំ ចាន់រតនា និងបក្ខពួកគាប​យកលុយលើតុក្រោមតុពីអាជីវករនិងប្រជាពលរដ្ឋ​ដែលរកស៊ីនាំចូលទំនិញពីប្រទេសសៀម តាមច្រកទ្វារអន្តរជាតិដូង យ៉ាងពេញបន្ទុក។​

ដូច្នេះហើយទើបរឿងអាស្រូវពុករលួយរបស់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ព្រោះមានការបើកដៃពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ផងដែរ។

ប្រភពស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថាដោយសារចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបលោក យូ ហេង ខំប្រឹងស្រង់ដើមតាមរបៀបពុករលួយតាំងពីអំឡុងចុងខែមក​រា ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន។

ប្រភពបានលើកឡើងទៀតថា លោក​ យូ ហេង បានយកជំនាញនៃការប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងខេត្តបាត់ដំបង យ៉ាងត្រជាក់ចិត្ត។

ដូច្នេះហើយទើបលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ក៏ដូចជាប្រធានការិយាល័យគយតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំឡូត បើកដៃរឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។

តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បានឲ្យដឹងថា​ លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាមនុស្សជំនិតរបស់លោក គុណ ញឹម អគ្គនាយកគយ ទើបលោក គុណ ញឹម បណ្តោយឲ្យធ្វើអ្វីៗតាមអំពើចិត្ត។

ជាក់ស្តែងរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ប៉ុន្តែលោក គុណ ញឹម អគ្គនាយកគយ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរបើទោះបីអំពើពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមន្ត្រីគយតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំឡូត ស្រុកសំពៅលូន​ និងស្រុកភ្នំព្រឹក ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាសាធារណៈក៏ដោយ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *