ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទំហំទឹកប្រមាណ ៣២លានដុល្លារ

(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជំនាញ មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានក្រសួងធនធានទឹក និងឧតុនិយម ជាម្ចាស់គម្រោង ក្នុងទំហំទឹកប្រាក់ ៣២

លានដុលា្លរ ដែលមានស្រុកចំនួនពីរទទួលផល រួមមាន៖ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៦ឃុំ ស្មើនឹង ២១ភូមិ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មាន ២ឃុំ ស្មើនឹង ៥ភូមិ។

គួរបញ្ជាក់ថា៖ ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ រួមមាន ៖
-ប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ
-សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង
-ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន ០១ កន្លែង និងអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ ៨.០០០ហិចតា និងរដូវប្រាំង ប្រមាណ ៨.០០០ហិចតា។

បច្ចុប្បន្ន​សកម្មភាពនៃការងារអនុវត្តគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម កំពុងអនុវត្តនៅក្នុងភូមិសាស្រ្តឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ ៧៥% ប៉ុណ្ណោះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។