ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនក្មួយៗសិស្សានុសិស្សចំនួន ៧១៨នាក់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២១

(កំពង់ចាម) :នារសៀលថ្ងៃដដែល នៅក្នុងបរិវេណវិទ្យាល័យសម្តេចជួនណាត ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនក្មួយៗសិស្សានុសិស្សចំនួន ៧១៨នាក់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២១។ ក្នុងពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះឃុំនៃស្រុកទាំងពីរ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណ:អភិ បាលស្រុកទាំងពីរ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោក លោកស្រី នាយកនាយិកា នាយករង នាយិការង និងក្មួយៗជ័យលាភី។

ជាបឋម លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានមតិស្វាគមន៍ និងរាយ ការណ៍ជូនអង្គពិធីជ្រាបអំពីបច្ចុប្បន្នភាពនៃវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តកំពង់ចាម ពិសេសក្នុងស្រុកទាំងពីរ និងសមិទ្ធផលសំខាន់ៗដែលការិយាល័យអប់រំ យុវជន និងកីឡាស្រុកទទួលបានក្នុងឆ្នាំកន្លងមក។ ដោយឡែក ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិទាំងពីរស្រុកមាន៖

១- ស្រុកជើងព្រៃ ៖ មានបេក្ខជនប្រឡងចំនួន ៦៧៨នាក់ (ស្រី ៤០៦) ប្រឡងជាប់ចំនួន ៤៤៧ នាក់ (ស្រី២៨៤) និទ្ទេស A មាន ៤នាក់ (ស្រី ៣) B មាន ២៨នាក់ (ស្រី ២១) C មាន ៦១នាក់ (ស្រី ៥១) D មាន ១៥១នាក់ (ស្រី ៩៨) និងនិន្ទេស E មាន ២០០នាក់ (ស្រី ១១១)។

២- ស្រុកកំពង់សៀម ៖ មានបេក្ខជនមកប្រឡងចំនួន ៤១៦នាក់ (ស្រី២៥៨) ប្រឡងជាប់ចំនួន ២៧១ (ស្រី១៦៩) និទ្ទេស A មាន ៤នាក់ (ស្រី ២) B មាន ២៤នាក់ (ស្រី ១៥) C មាន ៣៦ នាក់ (ស្រី ២៥) D មាន ១០១នាក់ (ស្រី ៦៥) និងនិន្ទេស E មាន ១០៦នាក់ (ស្រី៦២)។

សរុបមក ស្រុកទាំងពីរមានបេក្ខជនប្រឡងជាប់ចំនួន ៧១៨នាក់ (ស្រី ៤៥៣) និទ្ទេស A មាម ៨ (ស្រី ៥) B មាន ៥២ នាក់ (ស្រី ៣៥) C មាន ៩៧នាក់ (ស្រី៧៦) D មាន ២៥២ (ស្រី១៦៣) និងនិន្ទេស E មាន ៣០៦ នាក់ (ស្រី ១៧៣)។

មានមតិសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរាយ ការណ៍ជូនជ្រាបខាងដើម។ សមិទ្ធផលដ៏ធំធេងនេះ បានមកពីការខិតខំប្រឹងប្រែងរបស់លោក នាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតទាំងអស់ ព្រមទាំងអាណាព្យាបាល ដែលបានលះ បង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកផ្តល់ការ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើទាំងបែបវិទ្យា សាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។ល។ ក្នុងឆន្ទ:អភិវឌ្ឍធនធាន មនុស្សជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាឆ្អឹងខ្នងក្នុងការកសាង និងអភិវឌ្ឍប្រទេស ជាតិនាពេលអនាគត។ ឯកឧត្តមប្រធាន បានបន្តទៀតថា លទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ដែលក្មួយៗសម្រេចនាពេលថ្មីៗនេះ គឺបានមកពីការខិតខំរបស់ក្មួយៗ មាតា បីតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជា ពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយរដ្ឋមន្រ្តី បានបង្កើតសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញ បង្កលក្ខណល្អប្រសើរដល់ក្មួយៗបានចូលរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ដើម្បីកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ មានឧត្តមភាពទាំងកាយ និងបញ្ញា រួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ឯកឧត្តមបានសង្កត់ធ្ងន់ថាសញ្ញាបត្ររបស់ក្មួយៗនាពេលនេះ គឺជាជោគជ័យបឋមក្នុងជីវិតការ សិក្សា ផ្ទុយទៅវិញនៅមានសញ្ញាបត្រជាច្រើនទៀតដែលក្មួយៗត្រូវតែស្វែងរក និងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ខ្លួនយើង របស់គ្រួសារ និងសង្គមជាតិ។ ដូច្នេះ ក្នុងនាមជាអ្នកដឹកនាំ មានបទពិសោធន៍ខ្ពស់ទាំងក្នុងវ័យជាសិស្ស និស្សិត មន្រ្តី និងជាថ្នាក់ដឹកនាំតាមកម្រិតជាបន្តបន្ទាន់ ឯកឧត្តមប្រធានបានចែករំលែកចំណេះ ដឹង និងបទពិសោធន៍ល្អដែលមាន គុណតម្លៃសម្រាប់ក្មួយៗយកទុកជាពុទ្ធិយកទៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែមនាពេលអនាគត ដែលមានខ្លឹមសារដូចខាងក្រោម៖

– នេះគឺជាឱកាសដ៏ប្រសើររបស់ក្មួយៗ ដែលនឹងចាកចេញពីស្រុកកំណើតដើម្បីទៅបន្តការសិក្សាសម្រាប់កសាងអនាគតរបស់ខ្លួន តាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាទូទាំងប្រទេស។ ដូច្នេះក្មួយៗត្រូវត្រៀម លក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់ ឆន្ទ:តស៊ូ ពុះពារ និងជាពិសេសសុខភាព។

– ក្មួយៗត្រូវខិតខំរៀនសូត្រ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវច្បាប់ វិន័យរបស់សាលា ត្រូវប្រកាន់ខ្ជាន់នូវសីលធម៌ ទម្លាប់ វិន័យត្រឹមត្រូវល្អ អំណត់ អត់ធន់តស៊ូរៀនសូត្រ និងស្រាវជ្រាវ។

– ក្មួយៗ ត្រូវចៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។ ត្រូវខិតខំរៀនសូត្រអំពីច្បាប់សំខាន់ៗរបស់ជាតិ ដើម្បីប្រែក្លាយជាពលរដ្ឋមួយរូបមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានវិន័យ សីលធម៌ល្អ។

– រៀនហើយរៀនទៀត រៀនអ្វីៗដែលថ្មី និងមានប្រយោជន៍សម្រាប់ជាធនធាន ឬជាចំណេះទ្រព្យទុកជាមូលដ្ឋានកសាងអនាគតរបស់ខ្លួន និងសង្គមជាតិ។

– សកម្មចូលរួមក្នុងការងារសង្គម តាមការចាំចាច់ និងតាមតម្រូវការជាក់ស្តែង ដើម្បីរួមគ្នាកសាងសង្គមជាតិយើងពេញទៅដោយសេចក្តីថ្លែថ្នូរ សុខដុមរមនា និងនីតិរដ្ឋ។

សូមជម្រាបជូនថា សម្រាប់សិស្សនិទ្ទេស A ម្នាក់ៗបានទទួលប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារ ដោយឡែក សិស្សទទួលបាននិទ្ទេស B C D និង E ម្នាក់ៗបានទទួលប្រាក់រង្វាន់ ១០ម៉ឺនរៀល។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធាន និងអនុប្រធានការិយាល័យអប់រំស្រុកទាំង ពីរ លោកគ្រូ អ្នកគ្រូ និងយុវជនស្រុក ក៏បានទទួលប្រាក់រង្វាន់ផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។