ព័ត៌មានជាតិ

ផ្ទៃដីស្រូវខូចខាត ៨០ភាគរយ នៅក្នុងស្រុកត្បូងឃ្មុំ ត្រូវបានស្ដារឡើងវិញ

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី សហការជាមួយលោកអភិបាលរងស្រុកត្បូងឃ្មុំ មេឃុំ មេភូមិ បានចុះពិនិត្យការស្ដារឡើងវិញនូវស្រូវប្រដេញទឹក(ស្រូវរដូវប្រាំង) ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនូវពេលកន្លងមក ក្នុងឃុំទន្លេបិទ បឹងព្រួល ពាមជីលាំង និងជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ថា៖ ជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ បណ្តាលឲ្យស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋមួយចំនួននៅឃុំទាំង៤ ខូចខាតលើផ្ទៃដីចំនួន ៦៦៧ហិកតា។ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីរក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បាននាំស្រូវពូជចំនួន ៦៨,៥តោន ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៨១៤ គ្រួសារ ដែលមានស្រូវខូចខាត ធ្វើការស្ដារឡើងវិញ លើផ្ទៃដីប្រមាណ ៦២៧ហិកតា។

តាមការចុះពិនិត្យនិងវាយតម្លៃរបស់ក្រុមការងារពិនិត្យឃើញថា ផ្ទៃដីស្រូវរដូវប្រាំងដែលរងការខូចខាត ត្រូវបានប្រជាពលរដ្ឋភ្ជួររាស់ និងព្រោះឡើងវិញបាន ៥១០ ហិកតា ហើយមានការដុះលូតលាស់ល្អប្រសើរ ក្នុងនោះមាន ៖
១- ឃុំទន្លេបិទ មានផ្ទៃដីខូចខាតចំនួន ១២៧ ហិកតា បានស្ដារឡើងវិញចំនួន ១១៤ហិកតា
២- ឃុំបឹងព្រួល មានផ្ទៃដីខូចខាតចំនួន ១៩៣ ហិកតា បានស្ដារឡើងវិញចំនួន ១១៥ ហិកតា
៣- ឃុំពាមជីលាំង មានផ្ទៃដីខូចខាតចំនួន ២២០ហិកតា បានស្ដារឡើងវិញចំនួន ១៩៨ ហិកតា
៤- ឃុំជីរោទិ៍ទី២ មានផ្ទៃដីខូចខាតចំនួន ៩៣ ហិកតា បានស្ដារឡើងវិញចំនួន ៨៣ ហិកតា។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទិរបានណែនាំដល់លោកមេឃុំ លោក លោកស្រីមេឃុំ ជំទប់ឃុំ និងមេភូមិ បន្តជួយជំរុញធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានស្ដារឡើងវិញលើផ្ទៃដីទាំងអស់ ហើយសូមឲ្យ លោក លោកស្រីមេឃុំ និងមេភូមិ ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឧស្សាហ៍ចុះមើលស្រែ ថែទាំកុំឲ្យមានស្មៅចង្រៃ សត្វល្អិត ដង្កូវ ឬកត្តាចង្រៃផ្សេងៗបំផ្លាញស្រូវ ឈានទៅការខូចខាតជាថ្មីទៀត។

ក្នុងករណីមានបញ្ហាជួបប្រទះបញ្ហាប្រឈម ដូចបានរៀបរាប់ខាងលើ លោកប្រធានមន្ទីរបានផ្តល់លេខសម្រាប់ធ្វើ ទាក់ទងជាមួយមន្ត្រីជំនាញតាមលេខទូរស័ព្ទលេខ ០៩៧ ៧១១៧៣៤៦, ០៨៨ ៩៥ ៥៥ ៣៣២, ០៩៧ ៥៧ ០៤ ០១០។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។