ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Rebekah Bell ចូលជួបសម្តែងការគួរសម និងណែនាំខ្លួនបន្ទាប់ពីត្រូវបានតែងតាំងជានាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ថ្មីប្រចាំនៅកម្ពុជា

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ រសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Rebekah Bell ចូលជួបសម្តែងការគួរសម និងណែនាំខ្លួនបន្ទាប់ពីត្រូវបានតែងតាំងជានាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ជាបឋម លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង អង្គភាព និងមន្រ្តីជំនាញគ្រប់អនុវិស័យទាំងអស់ដែលបានផ្តល់ការគាំទ្រ សហការគ្រប់ បែបយ៉ាង ធ្វើឲ្យបេសកកម្មរបស់អង្គការ FAO លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកសម្រេចទទួលបានជោគជ័យ។ ជាក់ស្តែង គម្រោងអភិវឌ្ឍវិស័យកសិកម្មមួយចំនួនបាននិងកំពុងអនុវត្ត ហើយសង្ឃឹមថានឹងរួមចំណែកអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនស្របទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានគ្រោងទុក ក្នុងន័យចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនផលិតភាពផលិតកម្ម ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗទៅអនុវត្ត ដើម្បីផ្លាស់ប្តូរទម្លាប់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បង្កើនប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច។

ក្នុងជំនួបដំបូងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់លោកស្រីនៅកម្ពុជា ហើយតាមរយ:លោកស្រី លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះអង្គការ FAO ដែលបានបន្តជួយឧបត្ថម្ភ គាំទ្រ ឈរលើស្មារតីទទួលខុសត្រូវ និងសហការបានយ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអនុវត្តគម្រោងនានាផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ហើយកំពុងផ្តល់ផ្លែផ្កាគួរ ឲ្យកត់សម្គាល់ ដោយបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណ ភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។ សម្រាប់អាណត្តិ ៥ឆ្នាំរបស់លោកស្រី ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងកម្មវិធីនានាសម្រេចទទួលបានជោគជ័យ។

នាឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងបានឯកភាពគ្នាផ្តល់អាទិភាពទៅលើ ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងសមត្ថភាពកែច្នៃតាមរយ:វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធទីផ្សារកសិផល (ដំណាំ បន្លែ សត្វ និងត្រី) ប្រព័ន្ធត្រជាក់ក្នុងខ្សែច្រវាក់ផលិតកម្ម (Cold Chain System) ការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងព្រៃឈើ សេវាកម្មផ្តល់ធាតុចូលកសិកម្ម ទាំងអស់នេះគឺដើម្បីបង្កើនផលិតកម្មស្បៀង អាហារូបត្ថម្ភ ការស្រូបយក បច្ចេកវិទ្យាកសិកម្មថ្មីៗយកទៅអនុវត្ត លើកកម្ពស់ស្តង់ដារផលិត ធានាបានគុណភាព សុវត្តិភាព ឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

សូមជម្រាបជូនថា ក្នុងពេលអនាគតដ៏ខ្លី ការិយាល័យថ្មីរបស់អង្គការ FAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានឹងប្តូរមកនៅក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។