ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា

(កំពង់ចាម) :នៅក្នុងបរិវេណវត្តព្រះកែវសាគរទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់ សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់ សៀម ឯកឧត្តមប្រធានក្រុមការងារចុះឃុំ ឯកឧត្តម លោកជំទាវជាសប្បុរសជនដែលបានអញ្ជើញមកពីទីជិត-ឆ្ងាយ លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តមួយចំនួនទៀត។

មានមតិសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ទទាំងអស់ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ។ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទូទាំងស្រុកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិតខំ តស៊ូលះបង់គ្រប់បែបយ៉ាង និងអស់ពីសមត្ថភាពដើម្បីកសាងប្រទេសជាតិមួយមានសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន សម្បូរសប្បាយ សុខដុមរមនាគ្រប់ៗក្រុមគ្រួសារ។ ជាក់ស្តែងព្រឹកនេះ បងប្អូនពុទ្ធិបរិស័ទស្លៀកពាក់ប្រពៃណី វប្បធម៌ខ្មែរស្អាតបាត អញ្ជើញមកចូលរួមបុណ្យប្រកបដោយទឹកចិត្តសប្បាយរីករាយ។ ជាងនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តី បានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់អំពីសុខទុក្ខ ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស តាមរយ:ការស្វែងរកជំនួយ និងជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋទាំងក្មេង និងចាស់បានគ្រប់ៗគ្នា ធ្វើឲ្យរាជរដ្ឋភិបាលមានលទ្ធភាពគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មី។ សមិទ្ធផលដ៏មានតម្លៃយ៉ាងធំធេង ដែលយើងមានសព្វថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្រ្តដឹកនាំ និងគ្រប់គ្រងប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចតេជោដែលជាបីតាស្ថាបនិកសន្តិភាព។ ហេតុនេះ ក្នុងនាមយើងគ្រប់ៗគ្នាជាកោសិកាសង្គម ត្រូវតែខិតខំបំពេញតួនាទី និងភារកិច្ចជាពលរដ្ឋល្អ ចូលរួមថែរក្សា ការពារសន្តិភាព និងអភិវឌ្ឍប្រទេសជាតិយើងបន្តទៀត ដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យនៃផែនការឆ្នាំ២០៣០ និង២០៥០។

ចំពោះឧបដ្ឋានសាលាដ៏ថ្មីស្រឡាងមួយនេះ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិការួមគ្នាកសាងឧបដ្ឋានសាលានេះឡើងទុកសម្រាប់បម្រើ ឲ្យវិស័យព្រះពុទ្ធសាសនា។ ដោយឡែកអាណាចក្រវិញ អាជ្ញាធរស្រុក ឃុំ បានរួមសហការជា មួយក្រុមការងារគ្រប់ជាន់ថ្នាក់ ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង មានប្រសិទ្ធភាពដូចជាភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់ គ្រោះថ្នាក់ចរាចរ ចាស់ជរាគ្មានទីពឹង ការអនុវត្តគោលនយោបាយ ក៣ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការអនុវត្តវិធានការ ៣កុំ ៣ ការពារ ការរៀបចំមណ្ឌលចត្តាឡីស័ក និងការយកចិត្តទុកដាក់មើលថែទាំសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ សកម្មភាពនេះ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុកដាក់អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ យកអស់ស្មារតីអនុវត្តគោលនយោបាយ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ឆន្ទ:រួមសាមគ្គីគ្នាក្នុងនាមជាគ្រួសារខ្មែររស់ក្រោមដំបូលសុខសន្តិភាព។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បានសំណូមពរព្រះចៅអធិការដែលគង្កចាំព្រះវស្សានៅទូទាំងស្រុកកំពង់សៀម ព្រះសង្ឃ យាយជី តាជី និងពុទ្ធិបរិស័ទ ជួយដាំឈើក្នុងបរិវេណវត្ត ទីសាធារណ: សាលារៀន និងត្រូវរួមគ្នាធ្វើអនាម័យនៅតាមទីវត្តអារាម ទីប្រជុំជន និងតាមលំនៅឋានរៀងៗខ្លួន ដើម្បីបរិស្ថានស្អាត និងសុខុមាលភាពសង្គមគ្រួសារ និងត្រូវចូល រួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន និងជាពិសេសមិនត្រូវចូលរួម ជាដាច់ខាតនូវរាល់សកម្មភាពផលិត ចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព។

ចុងបញ្ចប់នៃពិធី ឯកឧត្តមប្រធានក្រុមការងារបានបំពាក់គ្រឿងឥស្សរិយយស ជូនដល់ឯកឧត្តម លោកជំទាវ ជាសប្បុរសជន និងបន្ទាប់មក ឯកឧត្តម លោកជំទាវដែលជា សហការី បានអញ្ជើញរាប់បាត វេរប្រគេនបច្ច័យ គ្រឿងឧបភោគ និងបរិភោគផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។